រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញ មានករណីជនបរទេសម្នាក់ បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសុំឲ្យសមត្ថកិច្ចជួយបញ្ជូនរូបគេត្រឡប់ទៅប្រទេសកំណើតវិញ ព្រោះតែរូបគេស្នាក់នៅលើសទិដ្ឋាការ ដោយផុតកំណត់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនបរទេសនោះឈ្មោះ YOO HONG YUL ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិកូរ៉េ។
លោកនាយការិយាល័យបន្តថា ក្រោយពីសាកសួរដឹងថា ជនបរទេសរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ តាមច្រកអន្តរជាតិប៉ោយប៉ែត ក្នុងគោលបំណងធ្វើការ។ តែបច្ចុប្បន្នជនបរទេសរូបនេះគ្មានកន្លែងស្នាក់នៅមិនពិតប្រាកដ និងគ្មានការងារធ្វើ។
យ៉ាងណាក៏ដោយ បច្ចុប្បន្នជនជាតិកូរ៉េរូបនេះត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕