• ហេតុអ្វីមុខរបរកាហ្វេ រកលុយបានច្រើន និងមិនងាយគាំងនៅមួយកន្លែង?

    អ្នកប្រាកដជាមានមិត្តភក្កិមិនតិចជាង 5 នាក់ទេ ដែលមានក្តីស្រម៉ៃចង់បើកហាងកាហ្វេផ្ទាល់ខ្លួន។ អ្នកគួរកុំបង្ហាញក្តីបារម្ភ​ និងបញ្ចេញមតិធ្វើអោយគេបោះបង់ក្តីស្រម៉ៃគេអី ព្រោះជំនួញនេះវានៅមានឱកាសច្រើនទៀត នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាយើង។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលជំនួញនេះរកចំណូលបានកាក់កប និង មិនងាយគាំងនៅមួយកន្លែង។

    ១. វាមានកម្រិតប្រាក់ចំណេញអាចដល់ 50% នៃថ្លៃដើម

    ជឿអត់ថា កាហ្វេមួយកែវតម្លៃ $2.5 ភាគច្រើនគឺថ្លៃដោយសារការជួលហាង និង ថ្លៃបរិក្ខា? ហេតុដូច្នេះប្រសិនបើអ្នកចេះកែច្នៃហាងអោយសាមញ្ញ និង មិនចំណាយលើថ្លៃទាំងនេះនោះ អ្នកអាចទាញយកចំណូលបានយ៉ាងច្រើន។ តែបើអ្នកជ្រុលជាចង់វិនិយោគធំទៅហើយ អ្នកគ្រាន់តែប្រាកដថាកាហ្វេដែលមានតម្លៃ 2$ ឬ 3$ អ្នកមានរស់ជាតិឆ្ងាញ់ ហើយមនុស្សរីករាយនឹងហៅគូកន មកផឹកនៅហាងរបស់អ្នក។

    ២. កាហ្វេគឺជារបស់ដែលមនុស្សត្រូវការប្រចាំថ្ងៃដូចបាយ

    កាហ្វេគឺជាផ្នែកមួយនៃការរស់នៅរបស់មនុស្ស ដែលយើងអាចចំណាយពេលអង្គុយ សម្រាក ដកដង្ហើម ហើយស្រូបក្លិន និងរស់ជាតិវាចូល។ កាហ្វេគឺជាឱកាសដែលយើង អាចទៅអង្គុយសម្រាក ជួបជុំមិត្តភក្កិ និងពិភាក្សាការងារ។ ខណៈជីវភាពរបស់ប្រជាជនយើងកំពុងប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំនោះ មនុស្សកាន់តែច្រើនឡើង នឹងចំណាយពេលច្រើនជាងមុន ក្នុងការទទួលកាហ្វេ។

    ៣. ប្រជាជនកម្ពុជាមានយុវជនច្រើន

    តាមកត្តាភូមិវិទ្យាវិញ យើងសម្បូរទៅដោយយុវជនយ៉ាងច្រើន ដែលនេះគឺជាអតិថិជនដ៏ស្មោះស្ម័គ្រមួយ ជាមួយកាហ្វេ ដែលមានន័យថា យើងមិនខ្វះអ្នកផឹកនោះទេ។

    ចុះហេតុអ្វីបានជាវាមិនងាយគាំងស្ញេញ?

    វាអាចជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា សម្រាប់ការទទួលទានកាហ្វេ ក៏ប៉ុន្តែទីផ្សារនេះកំពុងដំណើរការបានល្អណាស់ ហើយវារំពឹងទុកថាចំនួនអ្នកផ្លាស់ប្តូរទម្លាប់មកទទួលទានកាហ្វេជាប្រចាំថ្ងៃនេះ នឹងបន្តកើនឡើងទៀត នៅមិនទាន់ឈប់ឡើយ។ សូម្បីតែហាងកាហ្វេ Amazon ក៏រំពឹងទុកថា ខ្លួនអាចបើកសាខាអោយបានគ្រប់ដល់ ២៦០ ឯណោះ ក្នុងប្រទេសកម្ពុជា នៅរយៈពេល ៤ ឆ្នាំទៀត ដែលនេះផ្ទុយពីពាក្យចចាមអារ៉ាម ថាស្លាកយីហោកាហ្វេនេះអាចគាំង ឬ ដួលរលំ។

    មួយវិញទៀត ហាងកាហ្វេបច្ចុប្បន្ន វាត្រូវបានបង្កើតឡើង សម្រាប់ប្រភេទអតិថិជនផ្សេងៗគ្នា ជាហេតុធ្វើអោយមានការប្រកួតប្រជែងតិចបំផុត មិនងាយមាននរណាត្រូវដួលរលំឡើយ។ ជាឧទាហរណ៍៖ ហាងកាហ្វេ Brown ត្រូវបានគេសម្លឹងឃើញថាគឺជាកន្លែង កាហ្វេលំដាប់ខ្ពស់ សម្រាប់អ្នកធ្វើការ ឬ​អ្នកចូលចិត្តបរិយាកាសហាង ដែលពោរពេញដោយការរចនាបែបច្នៃប្រឌិត។ ចំណែកអ្នកខ្លះវិញចូលចិត្តផឹកកាហ្វេនៅកែងផ្លូវ ព្រោះវាលឿន មានតម្លៃធូរថ្លៃ ហើយអ្នកក៏អាចនិយាយលេងជាមួយអ្នកឆុងកាហ្វេបានដែរ។

    ប្រភព៖ CamboFinance

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ