• ជប៉ុន៖ ស្ត្រីម្នាក់ ឆ្លងជំងឺ Covid-19 ជាលើកទី ២ ទោះបីធ្លាប់ជាសះស្បើយពីមុនមក

    (តូក្យូ)៖ ស្ត្រីម្នាក់បម្រើការងារជាអ្នកនាំភ្ញៀវទេសចរ តាមរថយន្ដក្រុងនៅក្នុងប្រទេសជប៉ុន ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 ជាលើកទី ២ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីស្ត្រីរូបនេះបានជាសះស្បើយ ហើយវាក៏បានធ្វើឱ្យរូបគាត់ ក្លាយជាមនុស្សដំបូងគេបំផុត នៅក្នុងប្រទេសដែលឆ្លងជំងឺនេះជាលើកទី ២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

    បើតាមអាជ្ញាធរសុខាភិបាលជប៉ុន ស្ត្រីខាងលើគឺជាអ្នករស់នៅក្នុងទីក្រុងអូសាកា (Osaka) ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន។ គាត់ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 សាជាថ្មីកាលពីថ្ងៃពុធ បន្ទាប់ពីមានរោគសញ្ញាឈឺទ្រូង និងបំពង់ក។ ស្ត្រីរូបនេះធ្លាប់បានឆ្លងជំងឺ COVID-19 ម្ដងរួចមកហើយ កាលពីចុងខែមករាកន្លងទៅ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយកាលពីថ្ងៃទី០១ ខែកុម្ភៈ។ ក្រសួងសុខាភិបាលជប៉ុនបានចាត់ទុកថា នេះគឺជាករណីដំបូងគេបំផុតនៅក្នុងប្រទេស ដែលមនុស្សម្នាក់ឆ្លងជំងឺនេះជាលើកទី ២ ខណៈករណីបែបនេះក៏ធ្លាប់កើតមាននៅក្នុងប្រទេសចិនផងដែរ។

    គួរបញ្ជាក់ថា ករណីស្ត្រីខាងលើកើតមានឡើង ចំពេលអាជ្ញាធរសុខាភិបាលជប៉ុនបានអះអាងថា ចំនួនការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុនកើនដល់ ១៨៦ករណី តែនេះមិនទាន់រាប់បញ្ចូលករណីឆ្លងជាង ៧០៤នាក់នៅលើកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នោះទេ ហើយមនុស្សសរុប ០៧នាក់បានស្លាប់ក្នុងនោះរួមមាន ០៤នាក់ មកពីកប៉ាល់ដឹកអ្នកដំណើរខ្នាតយក្សនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ