• រដ្ឋបាលខណ្ឌឬស្សីកែវ ព្រមានប្តឹង William Guang បើសិនមិនកែតម្រូវការចោទប្រកាន់ខុសការពិតមកលើអាជ្ញាធរករណីបុគ្គល ព្រំ បូរ

    (ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឬស្សីកែវ បានប្រកាសព្រមានប្តឹងលោក សុខ សវុណ្ណវឌ្ឍនាសាប៊ុង (William Guang) ទៅកាន់សាលដំបូងរាជធានីភ្នំពេញ ប្រសិនបើប្រធានគណបក្សរូបនេះ នៅតែមិនព្រមកែតម្រូវការចោទប្រកាន់ខុសពីការពិត មកលើអាជ្ញាធរពាក់ព័ន្ធបុគ្គល ព្រំ បូរ។

    អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌឬស្សីកែវ មានភស្តុតាងយ៉ាងជាក់ស្តែង តាមរយៈវីដេអូដែលបានបំពាក់នៅក្នុងបន្ទប់ប្រជុំ ដោយឃើញបុគ្គល ព្រំ បូរ ធ្វើជាដេកដួល ដែលនេះបានបញ្ជាក់យ៉ាងជាក់ច្បាស់ថា អាជ្ញាធរមិនបានប្រើហិង្សាទាល់តែសោះមកលើបុគ្គល ព្រំ បូរ ដែលផ្ទុយពីការចោទប្រកាន់ទាំងស្រុងរបស់ប្រធានគណបក្សខ្មែរក្រោក។

    អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាលាខណ្ឌនឹងប្តឹងលោក William Guang ទៅតុលាការបើសិនជាគាត់ នៅតែមិនព្រមធ្វើការកែតម្រូវ ចំពោះការចោទប្រកាន់មកលើអាជ្ញាធររបស់យើង ដោយគ្មានការពិត ហើយជំងឺផ្ទាល់ខ្លួនរបស់បុគ្គល ព្រំ បូរ យើងមិនដឹងថា គាត់មានជំងឺអ្វីនៅក្នុងខ្លួនឬត្រូវនឹងវត្ថុអ្វីនោះឡើយ ប៉ុន្តែសំខាន់អាជ្ញាធររបស់យើងមិនបានប្រើអំពើហិង្សាណាមួយទៅលើគាត់ ហើយយើងក៏មានវីដេអូបញ្ជាក់ការពិតយ៉ាងច្បាស់ក្រឡែតរួចហើយ»។

    យោងតាមវីដេអូកាមេរ៉ាដែលបំពាក់នៅក្នុងបន្ទប់ប្រជុំ របស់សាលាខណ្ឌឫស្សីកែវ បានបង្ហាញថា បុគ្គល ព្រំ បូរ មុនដំបូងបានឈរផ្អែកនឹងជញ្ជាំង បន្ទាប់មកបានអង្គុយ រួចដេកផ្កាប់មុខ រហូតធ្វើឲ្យសាច់ញាតិរបស់ខ្លួនដែលនៅក្រៅបន្ទប់ចូលមកថត និងទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យ ដោយអះអាងថា ឈឺធ្ងន់ធ្ងរ និងសន្លប់ស្ដូកស្ដឹង។

    ការបញ្ចេញភស្ដុតាងបន្ថែម របស់រដ្ឋបាលខណ្ឌឫស្សីកែវ នៅពេលនេះដើម្បីឲ្យសាធារណជនទាំងអស់ កុំមានការភ័ន្ដច្រឡំតទៅទៀត និងការផ្សាយព័ត៌មានខុសពីការពិត របស់លោក សុខសុវណ្ណ វឌ្ឍនាសាបុង ដោយធ្វើការចោទប្រកាន់ មកលើអាជ្ញាធរមានសមត្ថកិច្ច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ