ថៃ ស្រីនាង ដែលឡាយលក់ផលិតផលស្លៀកពាក់ Sexy ហួសហេតុ ពេលនេះបានធ្វើកិច្ចសន្យាទទួលកំហុស និង Live សុំទោសជាសាធារណៈហើយ

(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ដែលមហាជនតែងតែឃើញសកម្មភាពលក់ផលិតផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬ Sexy និងត្រូវបានអ្នកលេង Facebook នាំគ្នារិះគន់ខ្លាំងៗនោះ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ចទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live Video សុំទោសជាសាធារណៈចំពោះការស្លៀកពាក់របស់ខ្លួនកន្លងមក។

ការធ្វើកិច្ចសន្យាជាមួយស្ដ្រីសិចស៊ី លក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង ខាងលើនេះ គឺមានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រួលសម្រួល ពីអយ្យការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ដ្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានបន្ថែមទៀតថា កម្លាំងសមត្ថកិច្ច នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ។

ក្នុងកិច្ចសន្យារបស់ ថៃ ស្រីនាង មានខ្លឹមសារយ៉ាងដូច្នេះថា៖

* នាងខ្ញុំបាន Live លក់ផលិតផល និងសំលៀកបំពាក់លក់តាម On Line រយៈពេលកន្លងមក នាងខ្ញុំបានស្លៀកពាក់មានភាពស៊ីចស៊ី លិចលើខើចក្រោម ដែលធ្វើឲ្យប៉ះពាល់ដល់តំលៃ និងកិត្ដិយសរបស់ស្ដ្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ និងច្បាប់ជាធរមាន
* នាងខ្ញុំសូមសន្យា ដកចេញនូវរាល់រូបភាពស៊ិចស៊ី អាក្រាត ក្នុង Page របស់នាងខ្ញុំផុតកន្លងមក។
* នាងខ្ញុំសូមសន្យាថាឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ។

ប្រតិបត្ដិការ និងចំណាត់ការរបស់អាជ្ញាធរយ៉ាងដូច្នេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្តចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ