• ចិន សម្រេចដកតំណែងអគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំខេត្ត Hubei ដែលជាចំណុចផ្ទុះដំបូងនៃវីរុស COVID-19 បន្ទាប់ពីការស្លាប់នៃវេជ្ជបណ្ឌិត Li Wenliang

    (ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិនសំខាន់ៗមួយចំនួននៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាលនៃការផ្ទុះ និងរីករាលដាលដំបូងរបស់វីរុសកូរ៉ូណាថ្មី COVID-19 ក្នុងនោះក៏មានអគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំខេត្តនេះ ត្រូវបានដកតំណែង និងផ្លាស់ប្តូរតួនាទី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

    មន្ត្រីជាន់ខ្ពស់ក្នុងខេត្តហ៊ូប៉ីមួយចំនួន គឺត្រូវបានដក និងផ្លាស់ប្តូរចេញពីតំណែង ខណៈចំនួនករណីឆ្លង និងស្លាប់បានកើនឡើងជាលំដាប់ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ទាំងនោះ បានកែប្រែវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់លោតឡើងខ្លាំងខុសពីថ្ងៃមុនៗ។

    បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ លោក ជាំង ចាវលាំង (Jiang Chaoliang) ត្រូវបានដកចេញពីតំណែង ជាអគ្គលេខាបក្សកុម្មុយនិស្តប្រចាំខេត្ត Hubei ហើយ ដោយត្រូវដាក់ជំនួសវិញដោយលោក យីង យ៉ាង (Ying Yang) ដែលជាប្រធាននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ ខណៈមន្ត្រីក្រោមឱវាទមួយចំនួនទៀតក្នុងខេត្ត ក៏ត្រូវបានផ្លាស់ប្តូរចេញផងដែរ។

    គួរជម្រាបថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផ្ទុះកំហឹង និងរិះគន់ពីសំណាក់ប្រជាជនលើបណ្តាញសង្គមចិន ជុំវិញការស្លាប់របស់លោកវេជ្ជបណ្ឌិត លី វិនលៀង (Li Wenliang) ដែលត្រូវបានអាជ្ញាធរ ក្នុងតំបន់ចោទប្រកាន់កន្លងមកនេះ ពីបទផ្សព្វផ្សាយពាក្យចចាមអារ៉ាម ជុំវិញករណីផ្ទុះឡើងដំបូងនៃវីរុសកូរ៉ូណាថ្មីនៅទីក្រុង វូហាន និងខេត្តហ៊ូប៉ី ខណៈដែលលោក Li ត្រូវបានប្រជាជនជាច្រើនចាត់ទុកថា ជាវីរៈបុរសដែលបានចេញមុខដំបូងព្រមានពីវីរុស COVID-19 នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ