• ជប៉ុន​ បណ្តាក់ទុន​ជិត​ ៣ពាន់​លាន​ដុល្លារ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា

    រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គម្រោងវិនិយោគជប៉ុននៅកម្ពុជាមាន​សរុប១៤៣គម្រោង ក្នុងទុនវិនិយោគ២៧៨៥លានដុល្លារអាមេរិក។

    ក្នុង​កិច្ច​ប្រជុំ​លើកទី១៩ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែលធ្វើ​ឡើង​កាលពីថ្ងៃទី១២ កុម្ភៈ ម្សិលមិញ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគជប៉ុននៅកម្ពុជាទាំងនោះ ភាគច្រើនក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម។

    លោក​បានចាត់ទុកសកម្មភាពនៃគម្រោងវិនិយោគទាំនេះថា បានផ្ដល់ឱកាសដល់កម្ពុជាធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា និងចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

    ជាមួយ​គ្នា​លោក​ក៏​បានស្នើដល់អ្នកវិនិយោគនៅកម្ពុជាទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពកម្មករ និយោជិត ដោយដាក់ចេញ និងអនុវត្តជាប្រចាំនូវវិធានការបង្ការវីរុសផ្លូវដង្ហើមថ្មី(វីរុសកូរ៉ូណា) ក្នុងទីតាំងផលិតកម្មរបស់ខ្លួន ព្រមទាំងខិតខំធ្វើយ៉ាងណារក្សាប្រក្រតីភាពនៃខ្សែច្រវាក់ផលិតកម្ម ដើម្បីធានានិរន្តរភាពនៃការងាររបស់កម្មករ និយោជិត និងការ បង្កើនប្រាក់ចំណូលអាជីវកម្មរបស់អ្នកវិនិយោគផ្ទាល់៕

    ប្រភព៖ ANN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ