ក្រោយពេលដែលមានរបាយការណ៍ពីការឆ្លងវីរុសកូរ៉ូណា ៤៧ករណីក្នុងប្រទេស សិង្ហបុរីបានប្រកាសដាក់ប្រទេស “ស្ថិតក្រោមការឆ្លើយតបនៃការផ្ទុះជំងឺ” កាលពីថ្ងៃទី ៧ខែកុម្ភៈកន្លងទៅ។
ក្រោយទទួលបានដំណឹងនេះ ពលរដ្ឋសិង្ហបុរីនាំគ្នាប្រញាប់ប្រញាល់ទៅផ្សារទំនើប និងឱសថស្ថាននានា ដើម្បីស្ដុកស្បៀងអាហារនិងរបស់ប្រើប្រាស់សំខាន់ៗ ក្នុងករណីថាការឆ្លងមានលក្ខណៈធ្ងន់ធ្ងរ។ របស់សំខាន់ៗដូចជា ម៉ាស, ទឹកលាងដៃ, ក្រដាសជូត និងអាហារកំប៉ុង សុទ្ធតែជាទំនិញលក់ដាច់ក្នុងខណៈពេលជ្រួលច្របល់។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាស្រោមអនាម័យក៏ត្រូវបានប្រជាជនសម្រុកទិញអស់ៗពីហាងផងដែរ។
យោងតាមរូបភាពបង្ហោះក្នុងបណ្ដាញសង្គមបង្ហាញ ពលរដ្ឋនាំគ្នាទិញស្រោមអនាម័យដើម្បីពាក់ម្រាមដៃការពារឆ្លងមេរោគនៅពេលចុចប៊ូតុងជណ្ដើរយន្ដ។ ជណ្តើរយន្តអាចជាកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ CoVID-19 ពិតប្រាកដមែន ប៉ុន្តែមនុស្សជាច្រើនថាការពាក់ម្រាមដៃដោយស្រោមអនាម័យ គឺជាការខ្ជះខ្ជាយ។ ផ្ទុយពីនេះ មធ្យោបាយដែលប្រសើរបំផុតសម្រាប់ការពារខ្លួន គឺការលាងដៃជាមួយសាប៊ូ, មិនត្រូវយកដៃកខ្វក់មកប៉ះមុខ និងការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវពេលចេញទៅក្រៅ ឬកន្លែងមានមនុស្សច្រើនជាដើម៕