• រោងចក្រ​កាត់ដេរ​ នឹង​ផ្អាក​ដំណើរការ​រយៈពេល​១ ឬ​២​ខែ ចាប់ពី​ចុងខែ​កុម្ភៈ​នេះ ដោយសារ​ខ្វះ​វត្ថុធាតុដើម​ពី​ចិន​

    ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​បញ្ជាក់ថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន​នៅ​កម្ពុជា នឹងត្រូវ​ផ្អាក​ដំណើរការ​រយៈពេល​១ ឬ​២​ខែ ចាប់ពី​ចុងខែ​កុម្ភៈ​នេះ ដោយសារ​ខ្វះ​វត្ថុធាតុដើម​ពី​ចិន​។​

    ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ GMAC ៖ វត្ថុធាតុដើម​បម្រើ​ដល់​វិស័យ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា ៦០​ភាគរយ ត្រូវបាន​នាំចូល​មកពី​ប្រទេស​ចិន​។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន​នៅ​កម្ពុជា នឹងត្រូវ​ផ្អាក​ដំណើរការ​រយៈពេល​១ ឬ​២​ខែ ចាប់ពី​ចុងខែ​កុម្ភៈ​នេះ ដោយសារ​ខ្វះ​វត្ថុធាតុដើម​ពី​ចិន ព្រោះតែ​រោងចក្រ​ផលិត​វត្ថុធាតុដើម​នៅ​ប្រទេស​ចិន​បាន​ផ្អាក ដោយសារ​ជំងឺ​រលាក​សួត បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​។​

    ​បញ្ហា​វីរុស​កូ​រ៉ូ​ណា ដែល​បាន​រីក​រាលដាល​នៅក្នុង​ប្រទេស​ចិន ធ្វើ​ឲ្យ​រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ក្រុមហ៊ុន​ផ្តល់​សេវា​ជាច្រើន បាន​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន ហើយ​ប្រហែលជា​រហូតដល់​ចុងខែ​កុម្ភៈ​នេះ ទើប​អាច​ចាប់ផ្តើម ដំណើរការ​ឡើងវិញ ដែល​បញ្ហា​នេះ​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ចង្វាក់​ផ្គត់ផ្គង់ ដល់​រោងចក្រ​នៅ​កម្ពុជា​។​

    ​សម្រាប់​រោងចក្រ​មួយចំនួន​វត្ថុធាតុដើម​នៅក្នុង​ស្តុក សម្រាប់​ផលិតកម្ម​អាច​នឹង​អស់ នៅត្រឹម​សប្តាហ៍​ក្រោយ ឬ​សប្តាហ៍​បន្ទាប់ ហើយ​ការបិទ​រោងចក្រ​បណ្តោះអាសន្ន នៅ​ប្រទេស​ចិន​អាច​នឹង​ធ្វើឱ្យ​រោងចក្រ​មួយចំនួន​ខ្វះ​វត្ថុធាតុដើម នៅ​ចុងខែ​ក្រោយនេះ និង​ក្នុង​ខែមីនា​ខាងមុខ​។ ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការផ្អាក ប្រតិបត្តិការ​ផលិតក​ម្ម​ជា​បណ្តោះអាសន្ន ដែលមាន​រយៈ​ពេញ​១​ខែ​ពេញ ឬ​ដល់​២​ខែ​។​

    ​ការផ្អាក​បណ្តោះអាសន្នរ​យៈ​ពេល​ខ្លី ដែល​អាច​រំពឹងទុក​ថា​នឹង​កើតឡើង​ក្នុងពេល​ដ៏​ខ្លះ​ខាងមុខនេះ មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ដំណើរការ នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​អឺរ៉ុប​មកលើ​ប្រទេស​កម្ពុជា​ទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ