ក្រុមហ៊ុន Foxconn ដែលផលិត iPhone ពេលនេះ ចាប់ផ្ដើមផលិតម៉ាស់ ដើម្បីជួយទប់ទល់ការរាលដាលនៃវីរុសកូរ៉ូណា

ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Foxconn ដែលជាអ្នកផលិតស្មាតហ្វូន iPhone ឱ្យក្រុមហ៊ុន Apple ពេលនេះកំពុងតែបោះជំហានមិនធម្មតាមួយ ដោយផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មរបស់ខ្លួនទៅជាការធ្វើម៉ាស់វិញ។ ក្រុមហ៊ុននេះក៏កំពុងជម្រុញឱ្យមានការបើកទ្វាររោងចក្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីរោងចក្រនេះត្រូវបិទដោយសារវីរុសកូរ៉ូណា។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានធ្វើឱ្យតម្រូវការម៉ាស់កើនឡើង និងបណ្តាលឱ្យមានការផ្គត់ផ្គង់ខ្វះខាតនៅជុំវិញពិភពលោក។ ដូច្នេះ Foxconn មានគោលបំណងផលិតម៉ាស់ឱ្យបាន ២លាន ក្នុងមួយថ្ងៃៗត្រឹមចុងខែនេះ។

ក្រុមហ៊ុនបាននិយាយថា ខ្លួនបានចាប់ផ្តើមសាកល្បងផលិតម៉ាស់រួចហើយ នៅឯរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅទីក្រុងសិនជិន នៅភាគខាងត្បូងប្រទេសចិន។ ម៉ាស់គឺដើម្បីការពារកម្មកររបស់ខ្លួនពីការឆ្លងមេរោគ ដែលជាអ្វីដែលក្រុមហ៊ុនជឿជាក់ថា៖ «វាមិនមែនគ្រាន់តែជាការទទួលខុសត្រូវក្រុមហ៊ុនរបស់ Foxconn ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវក្នុងសង្គមរបស់យើងផងដែរ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅពេលដែលផលិតកម្មពេញលេញបានចាប់ផ្តើម វានឹងចាប់ផ្តើមផ្តល់ម៉ាស់ដល់ប្រជាជននៅខាងក្រៅក្រុមហ៊ុនផ្សេងទៀត។

គួរឱ្យដឹងដែរថា ក្រុមហ៊ុន Foxconn មិនមែនត្រឹមតែជាអ្នកផលិតស្មាហ្វូន iPhone និងជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំជាងគេលើពិភពលោកនោះទេ ពួកគេក៏ផលិតគ្រឿងបន្លាស់ និងផលិតផលអេឡិចត្រូនិកប្រើប្រាស់រួមមាន iPad, Kindle របស់ Amazon និង PlayStation ជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ