• មុខរបរដំកាំបិត និងពូថៅ របស់អ្នកភូមិព្រែកព្រះស្តេច ខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបានច្រើនគួរសម

    (ខេត្តបាត់ដំបង)៖ បើទោះបីមានការនាំចូលនូវប្រភេទកាំបិតនិងឧបករណ៍ផ្សេងៗ ធ្វើក្នុងរោងចក្រនៅក្រៅប្រទេសកំពុងវាយលុកទីផ្សារនៅកម្ពុជាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមិនធ្វើឲ្យមានការប៉ះពាល់ដល់ការធ្វើកាំបិតបែបបុរាណលក់របស់ពលរដ្ឋខ្មែរឡើយ។

    ដោយការមិនបោះបង់ ការប្រើប្រាស់កាំបិតនិងឧបករណ៍ពីបុរាណនេះ ធ្វើឲ្យគ្រួសារជាងដែកមួយចំនួនមានកម្លាំងចិត្ត ស្វះស្វែងរកវិធីសាស្ត្រ ក្នុងការធ្វើកាំបិតឲ្យបានលឿន មានគុណភាពល្អ ហើយអាចរកប្រាក់ចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារបានដោយមិនចំណាកស្រុក។

    ជាងធ្វើកាំបិតម្នាក់ឈ្មោះ លី យូរសុះ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានលើកឡើងនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គាត់បានប្រកបរបរធ្វើកាំបិតពូថៅនេះអស់រយៈពេល ៤០ឆ្នាំមកហើយ ដោយធ្វើបន្តពីឪពុកម្ដាយ ។

    ហើយការដែលគាត់មិនបានបោះបង់របរនេះចោល ដោយសារនៅតែមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋមកទិញយកទៅប្រើប្រាស់ ដែលគ្រួសាររបស់លោកអាចរកប្រាក់ចំណូលបានច្រើនរហូតជាមធ្យម ៥០០ដុល្លារក្នុងមួយខែ ដែលអាចជួយអោយជីវភាពគ្រួសារប្រសើរឡើង និងមួយវិញទៀតមុខរបរមួយនេះយើងធ្វើនៅនឹងផ្ទះខ្លួនឯងដោយមិនចំណាកស្រុក ហើយអាចរស់នៅជួបមុខប្រពន្ធ កូនរាល់ថ្ងៃផងដែរ។

    លោកបន្ថែមថា ការធ្វើកាំបិតពូថៅរបស់គាត់ មានលក្ខណៈខុសពីមុនខ្លះ ដោយបច្ចុប្បន្ន លែងប្រើឧបករណ៍សប់ដុតដែកដូចមុនហើយ គឺប្រើម៉ូទ័រភ្លើង ហើយក៏លែងប្រើការឈូសដែកដូចមុនដែរ គឺប្រើឧបករណ៍ឆាបដែកវិញម្ដង ដែលការធ្វើរបៀបនេះចំណេញពេលវេលា និងធ្វើបានច្រើនជាងមុន។

    ជាងដែកដដែល បានបញ្ជាក់ថា ក្រៅពីលក់នៅកន្លែងរោងដែកផ្ទាល់ គាត់ក៏មានលក់បោះដុំទៅឲ្យម៉ូយនានាយកទៅលក់បន្តជាប្រចាំថ្ងៃដែលក្នុងនោះមាន ពូថៅ កាំបិត កាំបិតព្រាល កាំបិតបាំងតោ កាំបិតបន្ទោះ កាំបិតផ្គាក់ កាំបិតខ្វែវ កាំបិតត្នោត ចបជីក ចបប៉ែល កណ្ឌៀវ រនាស់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗច្រើនទៀតសរុប ៣០ ប្រភេទ សុទ្ធតែមានមុខងារក្នុងការប្រើប្រាស់ផ្សេងៗគ្នាផងដែរ៕

    ប្រភព៖​ ANN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ