• កម្ពុជា-ម៉ុងហ្គោលី ឯកភាពពិភាក្សាលើការតភ្ជាប់ជើងហោះហើរត្រង់

    (ភ្នំពេញ)៖ កម្ពុជា-ម៉ុងហ្គោលី បានឯកភាពគ្នាពិភាក្សាលើលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអ៊ូឡាបាទ័រ (Ulaanbaatar) ព្រមទាំងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាកាន់តែខ្លាំងឡើង ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរទៅវិញទៅមក។

    ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម ស៊ែរ៉ែនបាត ណាមរ៉ាយ (Tserenbat Namsrai) រដ្ឋមន្រ្តីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី នៅទីស្ដីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

    នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរំលឹកអំពីចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការគាំទ្ររបស់ម៉ុងហ្គោលីដល់កម្ពុជា ក្នុងដំណាក់កាលកសាងជាតិដ៏លំបាក បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត។

    ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីការបន្តអភិវឌ្ឍវិស័យទេសចរណ៍ តាមគោលការណ៍ចីរភាពរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ ក្រោមយន្តការការងារអន្តរក្រសួង ដែលនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

    ឯកឧត្តមរដ្ឋមន្ត្រីម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនឥតឈប់នៃវិស័យទេសចរណ៍ និងបានគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍។

    ភាគីទាំងពីរបានឯកភាពលើការរៀបចំឲ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយផ្ដោតលើ៖

    ១៖ ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍរួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា។ល។

    ២៖ ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និងគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ។

    ៣៖ ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

    ៤៖ ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញផ្នែកឯកជន និងសាធារណៈចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលរៀបចំដោយប្រទេសនីមួយៗ។

    សូមរំលឹកថា កម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយបន្ទាប់ពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ