• SpaceX បំផ្ទុះរ៉ុក្កែតចោលកណ្តាលអាកាស ដើម្បីធ្វើតេស្តប្រព័ន្ធសុវត្ថិភាព ត្រៀមដឹកមនុស្សទៅភពអង្គារ

    (វ៉ាស៊ីនតោន)៖ កំឡុងការធ្វើតេស្តយ៉ាងសំខាន់មួយ នាថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុនអវកាសរបស់អាមេរិក SpaceX បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយ ហើយបំផ្ទុះវាចោលនៅលើផ្ទៃអាកាសតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

    ការសាកល្បងនោះត្រូវបានធ្វើឡើង ក្នុងន័យជាការត្រៀមសម្រាប់នៅពេលមានករណីអាសន្នណាមួយ ដែលអនុញ្ញាតឲ្យអវកាសយានិក គេចផុតពីគ្រោះថ្នាក់។ ក្រុមហ៊ុន SpaceX បានចាប់ផ្តើមការធ្វើតេស្ត ជាមួយការបាញ់បង្ហោះរ៉ុក្កែត Falcon 9 មួយគ្រាប់ ឡើងចេញពីជ្រោយខាណាវែរ៉ាល់ (Canaveral) រដ្ឋផ្លូរីដា ហើយប្រមាណជា ០៩នាទីក្រោយមក និងនៅរយៈកម្ពស់ ២០គីឡូម៉ែត្រ យាន Crew Dragon ដែលស្ថិតនៅក្បាលគ្រាប់រ៉ុក្កែតនោះ បានផ្តាច់ខ្លួនចេញពី Falcon 9 រួចម៉ាស៊ីនរបស់យានអវកាសនោះ ក៏បានរុញច្រានវាឡើងខ្ពស់បន្ថែមទៀត ឲ្យផុតពីគ្រោះថ្នាក់ ស្របពេលដែលគ្រាប់រ៉ុក្កែត ដែលនាំយកវាឡើងទៅលើផ្ទៃអាកាស ត្រូវពន្លត់ម៉ាស៊ីនដោយចេតនាដើម្បីបំផ្ទុះ ពោលគឺធ្វើដូចជាមានគ្រោះថ្នាក់ចៃដន្យបានកើតឡើង។

    យាន Crew Dragon ត្រូវបានរុញច្រានឡើងដល់កម្ពស់ ៤៤គីឡូម៉ែត្រលើផ្ទៃអាកាស មុនពេលទម្លាក់ខ្លួនចុះមកវិញដោយសុវត្ថិភាព ចូលទៅក្នុងផ្ទៃមហាសមុទ្រអាត្លង់ទិក ដោយប្រើឆ័ត្រយោង។ រីឯគ្រាប់រ៉ុក្កែតដែល Falcon 9 ដែលត្រូវបានកម្ទេចនោះ គឺក្រុមហ៊ុន SpaceX ធ្លាប់បានប្រើប្រាស់វា ៣លើករួចមកហើយ។ រ៉ុក្កែតរបស់ SpaceX គឺជាប្រភេទរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញបាន។

    គួរជម្រាបថា ការធ្វើតេស្តនេះស្ថិតក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍ យានអវកាសរបស់ក្រុមហ៊ុន SpaceX នៅក្រោមកិច្ចសន្យានៃទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីនាំយកក្រុមអវកាសយានិករបស់ NASA ឡើងទៅក៏ដូចជាត្រឡប់មកពី ស្ថានីយអវកាសអន្តរជាតិ NASA ខណៈចាប់តាំងពីឆ្នាំ២០១១ មករហូតដល់សព្វថ្ងៃ អង្គការ NASA បានពឹងផ្អែកការធ្វើដំណើរលើយាន និងគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី។ រីឯក្រុមហ៊ុន Boeing ក៏កំពុងស្ថិតក្រោមកិច្ចសន្យាស្រដៀងគ្នានេះដែរ ដោយយានរបស់ Boeing ឈ្មោះ Starliner។

    ក្រុមហ៊ុន SpaceX អាចនឹងចាប់ផ្តើមសាកល្បងដឹកអវកាសយានិកឡើងទៅស្ថានីយ ISS ក្នុងពេលប៉ុន្មានខែខាងមុខ បើឆាប់បំផុតគឺនៅខែមេសា។ សម្រាប់ការធ្វើតេស្តកាលពីថ្ងៃអាទិត្យវិញ គឺពុំមានអវកាសយានិកពិតប្រាកដ ជិះនៅលើយាន Crew Dragon ឡើយ គឺមានតែមនុស្សសិប្បនិម្មិត ០២នាក់ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ