​មន្ត្រី​អាវុធហត្ថ ​ខេត្តបន្ទាយមានជ័យ​២​រូប ត្រូវចាប់ឃុំខ្លួន ករណី​ប្រើ​ហិង្សា​លើ​ជនសង្ស័យ​ម្នាក់ បណ្តាលឱ្យ​ស្លាប់ ក្នុង​រឿង​ដីធ្លី​

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយធ្វើការស៊ើបសួរអស់ពេលជាច្រើនម៉ោង តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចបញ្ជូនខ្លួនមន្ត្រីអាវុធហត្ថចំនួនពីររូប ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញថា ជាប់ពាក់ពន្ធ័ និងករណីធ្វើទារុណកម្មលើពលរដ្ឋរហូតបាត់បង់ជីវិត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា៖

១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ៦២ឆ្នាំ។
២-ឈ្មោះ ហ៊ឹម គីរី ភេទប្រុស អាយុ៤៦ឆ្នាំ។
៣. ឈ្មោះ ឃិប ម៉ក់ ភេទប្រុស អាយុ៦២ឆ្នាំ។
៤ -ឈ្មោះ អាន រូន ភេទប្រុស អាយុ៥៩ឆ្នាំ។
៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ

ត្រូវបានសមត្ថកិច្ចកងរាជអាវុអហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួបកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធករណីរំលោភកាន់កាប់ដីរបស់ឯកជន និងដីរបស់រដ្ឋ ។ បន្ទាប់ពីទទួលព័ត៌មានថា ឈ្មោះ ទុយ ស្រស់ បានទទួលមរណភាពកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយមានការប្ដឹងចោទប្រកាន់ថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រើអំពើហិង្សាធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេតដោយយកចិត្តទុកដាក់ជាបន្តបន្ទាប់ ។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ គណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកការស៊ើបអង្កេត និងស្រាវជ្រាវជាលទ្ធផលរកឃើញថា នាយទាហាននៃកងរាជអាវុធហត្ថចំនួនពីរនាក់ដែលមានឈ្មោះ ស ប៊ុនសឿង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនក ងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។

នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿង និងបញ្ជូននាយទាហាននៃកងរាជអាវុធហត្ថទាំងពីរនាក់ មកអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ឈ្មោះ ស ប៊ុនសឿង និងឈ្មោះ ឆយ រដ្ឋនា ពីបទ “ហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ” តាមបញ្ញត្តិនៃមាត្រា ២១៨ និងមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤២ អយ.ខ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បញ្ជូនមកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។នៅថ្ងៃ១៩ ដដែល ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យសំណុំរឿងរួចមក ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទទាំងពីរនាក់ ជាបណ្ដោះអាសន្ន បញ្ជូនទៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់។

យោងតាមច្បាប់ក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី២ (ការប៉ះពាល់ដល់បូរណភាពនៃបុគ្គល) ផ្នែកទី២ អំពីហិង្សា មាត្រា ២១៨ (ស្ថានទម្ងន់ទោ) បានចែងថា ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ៤ (បួន) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តិ ៖ ១.ដោយមានការគិតទុកជាមុន ២.ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ ៣.ដោយមានមនុស្សច្រើននាក់ក្នុងឋនៈជាចារី សហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត ។ និងមាត្រា ២២៤ (ស្ថានទម្ងន់ទោសដោយសារមរណៈនៃជនរងគ្រោះ) បានចែងថា ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពី) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើហិង្សានេះ បណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់៕

ដោយ៖សម្បត្តិសីហា

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ