អាមេរិក និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី១ ដើម្បីធ្វើកំណែទម្រង់ និងបង្កើនការបើកទូលាយ

(វ៉ាស៊ីនតោន)៖ នៅទីបំផុតកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានព្រមព្រៀងគ្នារវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងប្រទេសចិន តាំងតែពីឆ្នាំ២០១៩ នោះត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងតំណាងរដ្ឋាភិបាលចិនលោក លីវ ហ៊ី (Liu He) ធ្វើការចុះហត្ថលេខាទទួលស្គាល់ ជាផ្លូវការហើយក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

ការចុះហត្ថលេខាដើម្បីបន្ថយកម្តៅ នៃសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ត្រូវបានពិភពលោកចាត់ទុកជាភាពវិជ្ជមានដ៏ធំបំផុតមួយ ខណៈដែលសង្គ្រាមនេះត្រូវបាន អូសបន្លាយរហូតដល់ទៅជិត ២ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការផ្តល់ផលប្រយោជន៍ ដល់លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមនឹងការចោទប្រកាន់ ដើម្បីដកតំណែងប្រធានាធិបតី និងការតស៊ូដ៏ស្វិតស្វាញរបស់លោក សម្រាប់ការបោះឆ្នោតអាណត្តិថ្មីនៅចុងឆ្នាំនេះ។

ដោយឡែកឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី (Liu He) ដែលបានធ្វើជាតំណាងរដ្ឋាភិបាលប៉េកាំង ដើម្បីទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ជាមួយសហរដ្ឋអាមេរិកបានលើកឡើងថា «កិច្ចព្រមព្រៀងនេះនឹងការពារសន្តិភាព ព្រមទាំងវិបុលភាពរបស់សកលលោក។ ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ ព្រមទាំងការបើកទូលាយបន្ថែមទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានសារៈសំខាន់ទាំងទៅលើផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយវាពិតជាឆ្លើយតបទៅនឹងក្តីកង្វល់នៃភាគីទាំងពីរ»។

គួរបញ្ជាក់ថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ តំណាងចរចាពាណិជ្ជកម្មអាមេរិក និងចិនបានប្រកាសពី «កិច្ចព្រមព្រៀងបឋម ឬកិច្ចព្រមព្រៀងដំណាក់កាលទីមួយ» ដែលក្នុងនោះចិនបានយល់ព្រមនាំចូលទំនិញតម្លៃ ២០០ពាន់លានដុល្លារពីអាមេរិក ក្នុងរយៈពេល ០២ឆ្នាំ។ រីឯអាមេរិកបានលុបចោលការដំឡើងពន្ធថ្មីទៀត ដែលត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហើយសន្យាកាត់បន្ថយពាក់កណ្តាល នូវការដំឡើងពន្ធ ១៥ភាគរយ លើទំនិញចិនតម្លៃ ១២០ពាន់លានដុល្លារ ដែលត្រូវបានដាក់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ចំណែកចិនក៏បានផ្អាកគម្រោងដំឡើងពន្ធថ្មីរបស់ខ្លួនដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ