• ករណីធ្លាក់យន្តហោះអ៊ុយក្រែននៅអ៉ីរ៉ង់ នឹងក្លាយជារឿងធំមួយទៀតសម្រាប់ក្រុមហ៊ុន Boeing

    (ញូយ៉ក)៖ សោកនាដកម្មនៃការធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃពុធម្សិលមិញនេះ ពិតជាកំពុងក្លាយជាចំណោទដ៏ធំមួយទៀត សម្រាប់ក្រុមហ៊ុនផលិត យន្តហោះអាមេរិក Boeing ខណៈករណីធ្លាក់ចំនួនពីរលើកកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលបាននាំឲ្យយន្តហោះត្រកូល Boeing 737 MAX នៅទូទាំងពិភពលោកត្រូវបញ្ឈរជើងនោះ នៅមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។ នេះបើតាមការប្រភពពី CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

    ក្រោយការធ្លាក់យន្តហោះអ៊ុយក្រែនប្រភេទ Boeing 737-800 នៅក្នុងប្រទេសអ៉ីរ៉ង់កាលពីថ្ងៃពុធ ព័ត៌មានលម្អិតអំពីមូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ត្រូវបានបញ្ចេញនោះឡើយ ប៉ុន្តែអ្វីដែលច្បាស់លាស់នោះ គឺក្រុមជំនាញនាតំណាក់កាលដំបូងៗ បន្ទាប់ពីយន្តហោះធ្លាក់បានអះអាងថា បញ្ហាផ្នែកម៉ាស៊ីន បានបង្កឲ្យយន្តហោះបាត់បង់ម្ចាស់ការ និងធ្លាក់ចុះមកលើដីវិញ នៅពេលវាកំពុងព្យាយាមហោះចេញ ពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងតេហេរ៉ង់។

    ជាការពិតណាស់ ព័ត៌មានអាក្រក់ថ្មីៗនេះបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Boeing ក្នុងទីផ្សារធ្លាក់ចុះ ១.៨% មកនៅត្រឹម ៣៣១.៣៧ដុល្លារអាមេរិក។ ទោះបីជា យន្តហោះត្រកូលចាស់ Boeing 737-800 នេះមិនមែនស្ថិតនៅក្នុងចង្កោម 737-MAX ដែលកំពុងមានបញ្ហាក៏ដោយ តែវាក៏ជាផលិតផលរបស់ Boeing ដូចគ្នា ហើយបើសិនជាលទ្ធផលនៃការស៊ើបអង្កេត នៅថ្ងៃខាងមុខនេះបង្ហាញថា យន្តហោះរបស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានធ្លាក់ខាងលើនេះ គឺជាកំហុសបច្ចេកទេសរបស់យន្តហោះទៀតនោះ ក្រុមហ៊ុន Boeing នឹងប្រឈមមុខបញ្ហាកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន។

    គួរបញ្ជាក់តាមសេចក្ដីថ្លែងការណ៍ នៃក្រសួងការបរទេសអ៊ុយក្រែនថា ក្នុងចំណោមអ្នកស្លាប់ទាំង ១៧៦នាក់ មានពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់ និងអង់គ្លេស ០៣នាក់។ ចំណែកឯស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសអ៉ីរ៉ង់ ក៏បានអះអាងដែរថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ