ព្រះខ័នរាជស្វាយរៀង ធ្វើដំណើរទៅបោះជំរំហ្វឹកហាត់នៅឯប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង

ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង បាននឹងកំពុងបោះជំរំហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេស នៅឯប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ត្រៀមការប្រកួតរដូវកាលថ្មី ពិសេសត្រៀមការប្រកួតជម្រុះពាន AFC Cup 2020 ក្នុងខែមករានេះ។

នៅក្នុងដំណើរទៅបោះជំរំហ្វឹកហាត់នេះ ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃពុធ ម្សិលមិញ ហើយតាមគម្រោត ក្រុមដ៏ខ្លាំងរបស់លីកកំពូលកម្ពុជា ឆ្នាំ២០១៩ មួយនេះ នឹងធ្វើការហ្វឹកហាត់ នៅម៉ាឡេស៊ី ចំនួនមួយសប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី១៤ ខែមករា។

តាមព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើផេចហ្វេសប៊ុករបស់ក្លិបព្រះខ័នរាជស្វាយរៀង បានឲ្យដឹងថា នៅក្នុងការបោះជំរំហ្វឹកហាត់នេះ ក្រុម ស្វាយរៀង ដែលទើបលត់ក្រុមស្នងការនគរបាលជាតិ ៧-០ ក្នុងការប្រកួតមិត្តភាព កាលពីថ្ងៃទី៤ ខែមករា កន្លងមកនេះ នឹងត្រូវធ្វើការប្រកួតដកស្រងបច្ចេកទេស ជាមួយក្រុមខ្លាំងៗ នៅម៉ាឡេស៊ី ចំនួន៣ក្រុម គឺក្រុម FA Selangor(ប្រកួតរួចហើយកាលពីយប់មិញ) រួចបន្តទៅជួបក្រុម FELDA UNITED នៅថ្ងៃសៅរ៍ និងក្រុម FCTERENGGANU FC នៅថ្ងៃចន្ទ ទី១៣ ខែមករា ខាងមុខនេះ។

សម្រាប់ការចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសនេះ វាបានក្លាយជាឱកាសដ៏ល្អបំផុត ដែលក្រុមព្រះខ័នរាជស្វាយរៀង បានពង្រឹងសមត្ថភាព និងវាស់ស្ទង់បច្ចេកទេសលេងរបស់កូនក្រុម ពិសេសកីឡាករ ទើបនាំចូលមកជួយក្រុម ព្រោះស្វាយរៀង មិនត្រឹមតែមានមហិច្ឆតា ចង់ការពារការឈ្នះពាន នៅលីកកំពូលកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក្រុមមួយនេះ នឹងត្រូវប្រកួតជម្រុះវគ្គ Play-off ក្នុងពាន AFC Cup 2020ជាមួយក្រុមលីកកំពូលថា Master 7 ដែលជើងទី១ ត្រូវធ្វើនៅថ្ងៃទី២២ មករា ហើយជើងទី២ ធ្វើនៅថ្ងៃទី២៩ ខែកុម្ភៈ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ