• កែវយឺតអវកាស TESS របស់ NASA រកឃើញភពថ្មីដំបូង មានភាពស្រដៀងភពផែនដីខ្លាំង!

    (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាដើមសប្តាហ៍នេះបានប្រកាសថា កែវយឺតអវកាស TESS បានរកឃើញភពមួយមាន ទំហំប្រហាក់ប្រហែលផែនដី ដែលស្ថិតនៅតំបន់អំណោយផល នៃផ្កាយរបស់វាថែមទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

    ភពអេលៀនខាងលើមានឈ្មោះថា TOI 700 d ហើយស្ថិតនៅចម្ងាយជិតគួរសម គឺត្រឹមតែ ១០០ឆ្នាំពន្លឺប៉ុណ្ណោះពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។ គិតចាប់តាំងតែពីការបាញ់បង្ហោះឡើង ចេញពីផែនដីកាលពីឆ្នាំ២០១៨ វាគឺជាលើកទីមួយសម្រាប់កែវយឺតអវកាស TESS ដែលបានរកឃើញភពមានលក្ខណៈបែបនេះ ស្របពេលដែលពួកវាធ្លាប់ត្រូវបានរកឃើញ ដោយកែវយឺតអវកាសឈ្មោះថា Kepler។ Kepler គឺជាកែវយឺតអវកាសសម្រាប់ប្រមាញ់រុករកអេលៀន ដែលបានចូលនិវត្តន៍កាលពីខែតុលា ឆ្នាំ២០១៨។

    គួរជម្រាបថា បើតាមអង្គការ NASA ផ្កាយ TOI 700 គឺជាផ្កាយតូចមួយ ដោយទំហំរបស់វាស្មើនឹង ៤០ភាគរយនៃទំហំព្រះអាទិត្យ ហើយមានសីតុណ្ហភាពទាបជាងផ្កាយយើងពាក់កណ្តាល។ នៅក្នុងប្រព័ន្ធផ្កាយនេះ កែវយឺតអវកាស TESS បានរកឃើញភពសរុបចំនួន ០៣ គឺ TOI 700 b, c និង d ហើយមានតែភព TOI 700 d ប៉ុណ្ណោះដែលស្ថិតនៅតំបន់អំណោយផលគេហៅថា Habitable Zone គឺមិនឆ្ងាយ ឬជិតនឹងផ្កាយវាខ្លាំងពេកឡើយ ជាទីដែលទទួលកម្តៅបានសមរម្យ អាចឲ្យទឹករក្សាទម្រង់ជាអង្គធាតុរាវបាន។

    ភព TOI 700 d មានទំហំ ២០ភាគរយធំជាងផែនដី និងចំណាយពេលត្រឹម ៣៧ថ្ងៃប៉ុណ្ណោះ ដើម្បីគោចរជុំវិញផ្កាយវាបានមួយជុំ។ ថាមពលដែលភពនេះទទួលបានពីព្រះអាទិត្យរបស់វា ស្មើនឹង ៨៦ភាគរយនៃថាមពើដែលភពផែនដីទទួលបានពីព្រះអាទិត្យរបស់យើង។ ដោយឡែកក្រុមអ្នកវិទ្យាសាស្រ្ត នៅមិនទាន់អាចដឹងច្បាស់នៅឡើយទេថា តើភពអេលៀននេះមានសមាសធាតុផ្សំអ្វីខ្លះ ពោលគឺគេមិនទាន់អាចដឹងថា វាជាភពថ្ម ឬភពឧស្ម័នជាដើមនោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ