• ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានការជ្រោមជ្រែងខ្លាំង ពីអាជ្ញាធរខេត្តជាប់សមុទ្រទាំង៤

    ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ នឹងចាប់ដំណើរការប្រកួតប្រជែង ទៅតាមការរៀបចំ គឺចាប់ពីផ្តើមពីខេត្តកោះកុង នៅថ្ងៃសៅរ៍នេះ រួចបន្តឆ្លងកាត់មកខេត្តព្រះសីហនុ ខេត្តកំពត និងបញ្ចប់នៅខេត្តកែប នៅថ្ងៃចន្ទ ខណៈក្រុមប្រណាំងកង់ជាតិ និងអន្តរជាតិ មកពីជុំវិញពិភពលោក បានធ្វើដំណើរ មកដល់ប្រទេសកម្ពុជាហើយ។

    ជាមួយគ្នានេះ សម្រាប់ការប្រកួតប្រណាំងកង់ដ៏ធំ ដែលមិនធ្លាប់មាននៅកម្ពុជានេះ ត្រូវបានគេមើលឃើញថា បានទទួលការជ្រោមជ្រែងខ្លាំងពីអាជ្ញាធរខេត្តជាប់សមុទ្រទាំង៤នេះ ព្រោះទាំងអាជ្ញាធរខេត្តកោះកុង កំពត់ កែវ និងព្រះសីហនុ សុទ្ធតែចូលរួមរៀបចំ និងប្រកាសប្រាប់សាធារណជន ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ឲ្យផ្អាក និងបញ្ចៀសចរាចរណ៍តាមបណ្ដាផ្លូវជាតិមួយចំនួនក្នុងភូមិសាស្រ្ដខេត្ដទាំងនេះ ដើម្បីសម្រួលចរាចរណ៍ដល់ការធ្វើជាម្ចាស់ផ្ទះ ការប្រណាំងកង់ពិភព ដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ទី៦ ខែមករា មួយនេះ។

    រដ្ឋបាលខេត្តកំពត កាលពីថ្ងៃពុធ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណត់ផ្លូវជាតិលេខ៣ និងលេខ៣៣ នៃភូមិសាស្រ្ដខេត្ដកំពត។

    រដ្ឋបាលខេត្ដបញ្ជាក់ថា៖ «ដើម្បីចូលរួមអបអរព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោកនេះឲ្យទទួលបានជោគជ័យ រដ្ឋបាលខេត្ដកំពត សូមជូនដំណឹងដល់លោក លោកស្រីជាម្ចាស់រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ សូមបញ្ចៀសចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែ មករា លើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី គ.ម ១៨០+០០ (ចំណុចផ្សារត្រពាំងរពៅ) និងផ្លូវជាតិលេខ៣៣ រហូតដល់គ.ម ១២+០០ (នៅចំណុចខ្លោងទ្វារវត្ដកំពង់នង់) ដោយផ្លូវនេះស្ថិតនៅក្នុងសៀគ្វី (បរិវេណ) នៃការប្រណាំងកង់ពិភពលោក»។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានរៀបរយសណ្តាប់ធ្នាប់ ហាមយានយន្តដឹកជញ្ជូនដី រថយន្តដឹកសម្ភារសំណង់ រថយន្តធ្ងន់ៗគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង មិនឲ្យឆ្លងកាត់រយៈពេល៣ថ្ងៃ នៅក្នុងការប្រកួតនេះដែរ។

    បើតាមរបាយការណ៍ពីគណៈកម្មការរៀបចំជំនាញ ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រទេសចំនួន១៥ ដែលចែកការប្រកួតជា២០ក្រុម ដោយក្នុងនោះមានកីឡាករ១២០នាក់ និងប្រតិភូអមដំណើរចំនួន១៨០នាក់ ព្រមទាំងមានអ្នកសារព័ត៌មានធំៗចំនួន២៧ស្ថាប័ន មានមកពីសហរដ្ឋអាមេរិក ចិន អូស្រ្តាលី និងសហព័ន្ធអឺរ៉ុប ផងដែរ។

    គួរបញ្ជាក់ថា ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជានេះ បានចែកការប្រកួតជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅថ្ងៃទី៤ ខែមករា ក្បួនប្រណាំងនឹងចេញដំណើរពីរមណីយដ្ឋានតារាសាគរ និងបញ្ចប់នៅទីរួមខេត្តកោះកុង លើចម្ងាយសរុបប្រមាណ ១៥៣,៥គីឡូម៉ែត្រ។

    ចំណែកដំណាក់កាលទី២ នៅថ្ងៃទី៥ខែមករា ក្បួនប្រណាំងចេញពីរង្វង់មូលសាយភូថង ឆ្លងកាត់មកផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរិញ និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌បូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ ហើយដំណាក់កាលទី៣ គឺនៅថ្ងៃទី៦ ខែមករា ក្បួនប្រណាំង ចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយប្រមាណ ១៤៧,៧គីឡូម៉ែត្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ