• ជើងខ្លាំងប្រណាំងកង់​ជុំវិញ​ពិភពលោក ធ្វើដំណើរ​មក​ដល់​កម្ពុជា​ថ្ងៃនេះ ដើម្បី​ត្រៀម​ប្រកួត​តាម​តំបន់​ឆ្នេរ​កម្ពុជា​ចាប់ពី​ថ្ងៃទី៤-៦ ខែមករា

    (ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមករានេះ ក្រុមអ្នកប្រណាំងកង់អាជីពខ្លាំងៗជុំវិញពិភពលោក នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្ដបន្ទាប់ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ខាងមុខ ចាប់ពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងចប់នៅខេត្តកែប។

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ថ្ងៃទី០២-មករានេះ គឺជាថ្ងៃត្រូវមកដល់របស់អ្នកចូលរួម​ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ជាក់ស្ដែងព្រឹកនេះមានអត្តពលិកជាច្រើនប្រទេសបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយគណៈកម្មការរៀបចំរបស់កម្ពុជា ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដើម្បីរៀបចំដំណើរឆ្ពោះទៅខេត្តកោះកុង ដែលជាទីតាំងចាប់ផ្ដើមការប្រកួតបន្ដផងដែរ។

    ចំពោះកម្មវិធីប្រកួតនៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ រួមមាន៖

    – ដំណាក់កាលទី១៖ ថ្ងៃទី០៤-មករា ក្បួនប្រណាំងចេញដំណើរពីរមណីយដ្ឋានតារាសាគរ និងបញ្ចប់នៅទីរួមខេត្តកោះកុង លើចម្ងាយសរុបប្រមាណ ១៥៣.៥ គីឡូម៉ែត្រ។
    – ដំណាក់កាលទី២៖ ថ្ងៃទី០៥-មករា ក្បួនប្រណាំងចេញពីរង្វង់មូលលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ។
    – ដំណាក់កាលទី៣៖ ថ្ងៃទី០៦-មករា ក្បួនប្រណាំងចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយប្រមាណ ១៤៧.៧គីឡូម៉ែត្រ។

    រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ទន្ទឹមថ្ងៃមកដល់របស់អត្តពលិកប្រមាណជាង ២០០នាក់ ដែលសុទ្ធតែជាជើងខ្លាំងប្រណាំងកង់ជុំវិញពិភពលោកនៅល្ងាចថ្ងៃទី០២ ខែមករានេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកោះកុង ក៏នឹងមានរៀបចំពិធីក្រុងពាលី នៅរមណីយដ្ឋានតារាសាគរ ដើម្បីសុំសេចក្ដីសុខ និងដំណើរការជោគជ័យ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកដំបូងផងដែរ។ កម្មវិធីក្រុងពាលីនេះ នឹងធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ