• អូស្ត្រាលីបង្គាប់ឲ្យប្រជាជន «៣០,០០០នាក់» ជម្លៀសចេញពីតំបន់មួយឲ្យលឿនបំផុត ព្រោះភ្លើងឆេះព្រៃកាន់តែអាក្រក់ខ្លាំងហើយ

    (ស៊ីដនី)៖ មនុស្សជាង ៣០,០០០នាក់ ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួនចេញពីតំបន់ អ៊ីសត៍ ហ្គីភស្លេនដ៍ (East Gippsland) នៅព្រឹកថ្ងៃចន្ទនេះ ស្របពេលដែលកម្រិតសីតុណ្ហភាព ព្រមទាំងកម្លាំងខ្យល់បក់នឹងកើនឡើងខ្ពស់ខ្លាំង ដែលនឹងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃ នៅភាគខាងកើតអូស្រ្តាលីកាន់តែអាក្រក់ ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។

    ទីភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំរដ្ឋវិចតូរៀ (Victoria) បានបង្ហោះសារលើបណ្តាញសង្គម Twitter ដូច្នេះថា «អ្នកទាំងអស់គ្នាដែលរស់នៅតំបន់ East Gippsland ត្រូវជម្លៀសខ្លួននៅព្រឹកថ្ងៃចន្ទនេះ ដោយសារតែហានិភ័យនៃភ្លើងឆេះព្រៃ ហើយអ្នកដទៃទៀតសូមកុំទៅកាន់តំបន់នេះឲ្យសោះ ព្រោះយើងមិនធានាថា នឹងអាចផ្តល់ការជួយសង្រ្គោះបានឡើយ»។ តំបន់ East Gippsland គឺជាកន្លែងដ៏មានប្រជាប្រិយមួយ សម្រាប់ការដើរឡើងភ្នំ ការបោះជំរុំ និងការជួបជុំក្រុមគ្រួសារជាដើម។

    គួរជម្រាបថា សីតុណ្ហភាពនៅតំបន់ East Gippsland ត្រូវគេរំពឹងថា នឹងកើនដល់ ៤៣អង្សាសេ ហើយកម្លាំងខ្យល់បោកបក់នឹងឡើងដល់ ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរភ្លើងឆេះព្រៃរដ្ឋ Victoria បានណែនាំថា ប្រសិនបើមានអ្នកខ្លះមិនអាចជម្លៀសខ្លួនចេញផុតនៅត្រឹមម៉ោង ០៩៖០០នាទីព្រឹកថ្ងៃចន្ទនេះទេ (ពេលវេលាក្នុងតំបន់នៅអូស្រ្តាលី) ពួកគេគួរស្ថិតនៅកន្លែងដដែល ព្រោះដងផ្លូវជាច្រើនអាចត្រូវកាត់ផ្តាច់ ដោយសារភ្លើងឆេះព្រៃ ខណៈភ្នាក់ងារពន្លត់អគ្គីភ័យជាងរាប់រយនាក់ ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្ររាប់សិបគ្រឿង កំពុងត្រៀមខ្លួនទប់ទល់ស្ថានការណ៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ