• នៅឆ្នាំ ២០២០ ខាងមុខនេះ មានរោងចក្រដំឡើងរថយន្ត និងសណ្ឋាគារតម្លៃ ១ពាន់លានដុល្លារ នឹងមកវិនិយោគនៅកម្ពុជា

    នៅសល់ពេលមិនដល់2ថ្ងៃទៀតនោះទេ ឆ្នាំ២០២០ នឹងឈានចូលមកដល់ហើយ។ សម្រាប់ក្រុមហ៊ុនឯកជនជាច្រើន បាននិងកំពុងត្រៀមកញ្ចប់ថវិកាថ្មី ដើម្បីវិនិយោគលើគម្រោងនានា ក៏ដូចជាធ្វើទីផ្សារផ្សព្វផ្សាយពីសេវាកម្ម និងផលិតផលផ្សេងៗ ដែលជាគោលដៅបន្ទាប់របស់ខ្លួន។ នៅក្នុងនោះដែរ យើងសង្កេតឃើញថា មានក្រុមហ៊ុនចំនួន២ បានសម្រេចចិត្តបោះទុនវិនិយោគរាប់រយលានដុល្លារនៅភ្នំពេញ។

    បើយោងតាមសេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ CDC ដែលបានចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ បានឱ្យដឹងថា ក្រុមហ៊ុនចំនួន២ ដែលត្រូវបានអនុញ្ញាតិឱ្យវិនិយោគនៅក្នុងរាជធានីភ្នំពេញនោះ មានឈ្មោះថា “BOCC DEVELOPMENT CO.,LTD.” និងក្រុមហ៊ុន “CXD INDUSTRY CO.,LTD.” ។

    សម្រាប់ក្រុមហ៊ុន BOCC DEVELOPMENT មានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១.៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ”។ គម្រោងវិនិយោគដ៏ធំនេះ ក្រុមហ៊ុននឹងចំណាយដើមទុនវិនិយោគប្រមាណ ១.១៨១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៦.៣៧០កន្លែង។

    ដោយឡែក សម្រាប់ក្រុមហ៊ុន CXD INDUSTRY មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុបប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៧៣០កន្លែង។

    នៅក្នុងសេចក្តីរាយការណ៍ដដែល របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបញ្ជាក់ដែរថា នៅដាច់ឆ្នាំ២០១៩នេះ “AEON MALL (CAMBODIA) CO.,LTD.” ក៏មានគម្រោងសាងសង់ផ្សារទំនើបទី៣ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញផងដែរ។ ដោយក្រុមហ៊ុនជប៉ុនមួយនេះ បានជ្រើសរើសទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុបប្រមាណ ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង ៕

    ដោយ៖ business-cambodia

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ