• ប្រវត្តិត្រួសៗ ពីពិធីបុណ្យណូអែល និងការចែកកាដូរ

    បុណ្យណូអែល (នៅភាសាអង់គ្លេស បុណ្យ គ្រិស្តម៉ាស) ជាបុណ្យ ទិវាប្រសូតិ របស់ព្រះយេស៊ូគ្រិស។ គ្រឹស្តសាសនិក ជននៅទូទាំងពិភពលោកតែងតែ ប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ដែលជាខួបកំណើតរបស់ ព្រះយ៉េស៊ូគ្រឹស្ត។ នៅទីក្រុងប៊ែតឡេហ៊ែម (ប៉ាឡេស្ទីន) ដែលជាទីកន្លែងបង្កើតគម្ពីគ្រឹស្តសាសនា នៃកំណើតព្រះយ៉េស៊ូ គ្រឹស្ត។

    ប្រទេសមួយចំនួនហៅបុណ្យណូអែលផ្សេងៗគ្នា ដូចជា៖ ប្រទេសអង់គ្លេស៖ គ្រិស្ដម៉ាស, ប្រទេសបារាំង៖ ណូអែល, ប្រទេដាណឺម៉ាក៖ ជូល, ប្រទេសអ៊ីតាលី៖ ណាតលេ, ប្រទេសអេស្ប៉ាញ៖ ណាវីដាដ
    , ប្រទេសរុស្ស៊ី៖ Roschdevtvo Kristovo។ ត្បិតតែហៅផ្សេងៗគ្នា តែក្នុងន័យប្រហាក់ប្រហែលគ្នាថា ថ្ងៃកំណើត យេស៊ូគ្រិស្ត។

    ហេតុអ្វីបានជាបុណ្យណូអែលគេនិយមចែកអំណោយ?

    បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ ប្រមាណជា ២០០ឆ្នាំ ក្រោយ គ្រិស្តសករាជ។ កាលពីឆ្នាំ ២២១ ប្រវត្តវិទូសម័យ ក្រុងរ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោក របស់គាត់ យកថៃ្ង ២៥ ធ្នូ ជាថៃ្ងបុណ្យគ្រិស្តម៉ាស។ ដាយគ្រិស្តម៉ាស នៅជាប់នឹងបុណ្យ រដូវរងា ដែលជាឱកាស សប្បាយរីករាយ របស់ជនជាតិជាច្រើន ក្នុងតំបន់ត្រជាក់ ចំហៀងខាងជើង នៃពិភពលោក បុណ្យនេះក៏ចេះតែកើន ប្រជាប្រិយភាព ខ្លាំងឡើង ចាប់ពីសតវត្សរ៍ ទី ៤ រៀងមក ក្នុងអាណាចក្ររ៉ូមុំាង។

    យោងតាមសព្វវចនាធិប្បាយ Britannica និង ឯកសារដទៃទៀត បុណ្យគ្រិស្តម៉ាស បានត្រូវរៀបចំ ឲ្យមានបែបបទត្រឹមត្រូវ តាមពិធីសាសនា កាលពី យុគកណ្តាល ហើយ ទម្លាប់ចែកចាយ អំណោយ ឬហ្គិហ្វត៍ ឬ កាដូ នោះ ក៏កើតមានចាប់ពី សតវត្សរ៍ ទី ១៥ មក។ នៅប្រទេស អង់គេ្លស ក្រោយមានការប្តូរ ទៅកាន់និកាយ ប្រូតិស្តង់ ក៏មានការហាម មិនឲ្យធ្វើបុណ្យ គ្រិស្តម៉ាស នៅអង់គេ្លស រួមទាំង ស្កត់ឡែនដ៍ ឬ Ecosse និង ក្នុងចំណោមនិគមជន អង់គេ្លស នៅទ្វីបអាមេរិកផងដែរ កាលពីឆ្នាំ ១៦៤៧ ។ ទាល់តែ ចូលដល់ពាក់កណ្តាល សតវត្សរ៍ទី ១៩ ហើយ ទើបបុណ្យ គ្រិស្តម៉ាស បានទទួលប្រជាប្រិយភាព ឡើងវិញ ដោយបានក្លាយជាបុណ្យ ដែលមិនសូវទាក់ទង នឹងខាង សាសនា ដូចមុនទៀត តែជាបុណ្យរីករាយ ប្តូរអំណោយគ្នា ទៅវិញទៅមក ហើយស៊ីផឹកសប្បាយ ជួបជុំញាតិមិត្ត ទៅវិញ។

    និយាយពីបុណ្យគ្រិស្តម៉ាស ចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌‌នាថា ជាបុរសចាស់ ពុកមាត់ពុកចង្កា សស្រមូម ដុះពោះស្ពីង ស្លៀកពាក់ ខោអាវពណ៌‌ក្រហម ថែបស ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសាន ខាងជើង ដែលគ្របដណ្តប់ ទៅដោយទឹកក។

    ជនជាតិហូល្លង់ដ៍ មានទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែលតែងតែចែកស្ករគ្រាប់ និង អំណោយផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ ។ លុះពួក ហុល្លងដ៍ អន្តោប្រវេសន៍ ទៅនៅអាមេរិក គេក៏បាននាំយក ជំនឿនោះទៅជាមួយផង ហើយនៅសតវត្សទី ១៩ អាមេរិក ក៏បានប្តូរឈ្មោះ គាត់ជា santa claus ឬ Saint Nicolas។

    នៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥ សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យកទៅចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូស ហើយដែលបានសរសេរ សំបុត្រ សូមអំណោយពីគាត់។ គេនិយាយប្រាប់ កូនកេ្មងតូចៗថា សាន្តា ចុះតាមបំពង់ផែ្សង យកកាដូ ទៅដាក់នៅក្រោម ដើមស្រល់ ដែលគ្រួសារនីមួយៗ តុបតែងដោយអំពូលភ្លើង ខែ្សបូ និង ផ្កាយក្រដាសពណ៌‌ រួចហើយ សាន្តា ក៏នឹងទទួលទាននំ និងទឹកដោះ ដែលគេតែងដាក់ថ្វាយគាត់ នៅលើតុ ។ ក្រៅពីថៃ្ងបុណ្យនេះ សាន្តាខ្លស នឹងនៅផ្ទះ ជាមួយភរិយា ហើយផលិត គឿ្រងលេងផេ្សងៗ ដោយមានពួក ទេវតាតូចៗ ជួយគាត់ ដើម្បី ទុកសម្រាប់ចែក ឲ្យកូនកេ្មង នៅឆ្នាំក្រោយទៀត។ មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ដែលថ្វីបើជាបុណ្យខាង សាសនាគ្រិស្ត ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យ នៃការចែកចាយអំណោយ។

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ