អ្នកលក់អនឡាញនៅកម្ពុជា ភាគច្រើនបោះដុំទំនិញមកពីណា?

តើអ្នកលក់អនឡាញភាគច្រើនបោះដុំទំនិញមកពីណា? នេះជាសំនួរមួយ ដែល Business Cambodia ទទួលបានជាច្រើនៅក្នុងឆ្នាំ ២០១៩ នេះ ហើយក្នុងអត្ថបទមួយនេះ Business Cambodia សូមបង្ហាញពីទីផ្សារបោះដុំសំខាន់ចំនួន​ ៣ ប្រទេសក្នុងនោះរួមមាន ចិន ថៃ និងប្រទេសវៀតណាម ដែលទីផ្សារទាំង អស់នេះអ្នកលក់ស្រុកខ្មែរអាចនាំទំនិញអាទិភាពណាមួយមកលក់នៅក្នុងទីផ្សារស្រុកខ្មែរបានទៅតាមនីតិវិធីនាំចូលរបស់ច្បាប់កម្ពុជា។

ប្រទេសចិន

ប្រទេសចិនមានតំបន់ ៤ ដែលលក់ទំនិញបោះដុំធំជាងគេ៖

១. ផ្សារទំនើបស៊ីងឈី

ផ្សារទំនើបស៊ីងឈី គឺជាផ្សារទំនើបមួយដែលបើកលក់រាល់ថ្ងៃ ហើយវាមានទំហំ ៣ម៉ឺនម៉ែការ៉េ ហើយវាមានទំហំធំជាងគេកណ្តាលទីក្រុងប៉ីជីងបើកលក់រាល់ថ្ងៃហើយវាក៏ជាកន្លែងបោះដុំទំនិញក្បាលគីបធំមួយផងដែរ។ សំរាប់អ្នកដែលបានដើរលេងនៅកន្លែង ឬបានទៅទស្សនះនៅទីនោះគួរតែបានទិញឥវ៉ាន់នៅទីនោះផងដែរ។

២. ផ្សារបោះដុំក្វាងចូវ

ផ្សារទំនើបក្វាងចូវមួយដែល មានផ្សារទំនើបតូចៗជាច្រើនមានដូចជា Guangzhou Baima Costume MarketShijing Clothing Wholesale Market​ Zhanxi Clothing Wholesale MarketHaizhu Wholesale Market Zhongda Market ដែលវាជាផ្សារទំនើបមានបោះដុំឥវ៉ាន់ជាច្រើន នៅស៊ីនចិន ដែលយើងអាចបញ្ផាទិញតាមវេបសាយយកមកលក់នៅខ្មែរបាន។

៣. ផ្សារបោះដុំសិនជិន

ផ្សារទំនើបស៊ីនចិន មានកន្លែបោះដុំតូចៗជាច្រើនមានដូចជាCentury Plaza Wholesale Clothing TradeShenzhen Yiwu Smallware Wholesale MansionNanyang Haiyan Clothing Wholesale marketShenzhen Taoyuan Clothing CityShenzhen Baima Clothing ។ ចំពោះអ្នកដែលចង់យកឥវ៉ាន់នៅទីនោះមកលក់នៅស្រុកខ្មែរ តែបើមិនទាន់ដឹងទិញតាមវិធីណាទេគួរតែជួរគេទិញ ឬក៏ជួលអោយវេបសាយល្បីៗមួយចំនួនទិញអោយជាដើម។

៤. តំបន់បោះដុំអ៊ីយុ

ចំពោះផ្សារទំនើបយីវូ មានកន្លែងបោះដុំជាច្រើនទៅតាមតំបន់របស់វាមានដូចជា Yiwu Night MarketYiwu International Trade MarketHuangyuan Wholesale Garment Market ដែលកន្លែងបោះដុំមួយនេះមានឥវ៉ាន់គ្រប់ប្រភេទផងដែរ ហើយចំពោះអ្នកចង់លក់បន្តគួរតែបញ្ផាទិញតាមវេសាយជាដើម។

ប្រទេសថៃ

ប្រទេសថៃមានផ្សាបោះដុំសំខាន់ចំនួន ៦ ដូចខាងក្រោម៖

១. ផ្សារប្រាទូណាម

ផ្សារប្រាទូណាមមានទីតាំងនៅកណ្តាលទីក្រុងបាងកក ដែលផ្សារនេះស្ទើរតែ ៩៩% លក់តែសំលៀកបំពាក់ប៉ុណ្ណោះ ។ ផ្សារនេះបែងចែកជាផ្សារពេលព្រឹកដែលលក់នៅម្តុំអគារបាយុកនិងជុំវិញផ្សារខ្លះៗដែលបើកលក់ពីម៉ោង ៥.០០ – ៩.០០ព្រឹក ហើយបើកលក់ម្តងទៀតនៅពេលយប់ ទីតាំងដដែរចាប់ពីម៉ោង ១៧.០០ – ២១.០០យប់ ។ ចំណែកឯផ្សារធម្មតាបើកលក់ពីម៉ោង ៨.០០ – ១៥.០០រសៀលដែលមានទីតាំងចាប់ពីដើមផ្លូវលំ ផេជ្ជបុរី សយ២១ (Phetchburi Soi 21) រហូតដល់ចុងផ្លូវតែម្ដងដោយលក់សំលៀកបំពាក់យ៉ាងហូរហៀរសងខាងផ្លូវតែម្ដង ។ នៅទីនេះបើសិនចង់ទិញបានតំលៃថោក ត្រូវទិញចាប់ពី ៣ឡើងទៅ ហើយបើសង្កេតអ្នកទិញភាគច្រើន ដាក់វ៉ាលីអូសទិញឥវ៉ាន់ទៅជាមួយ ព្រោះដឹងខ្លួនឯងថាទៅដល់ទីនោះដឹងតែទិញច្រើនតែម្ដង ។

២. ផ្សារទំនើបផ្លាទីនឹម

ផ្សារនេះមានទីតាំងជិតផ្សារប្រាទូណាមដែរ ដោយអ្នកអាចធ្វើដំណើរដោយថ្មើរជើងបាន ប្រហែល15នាទី ។ ផ្សារនេះមាន៣អគារតៗគ្នាដែលគេហៅថា Zone1, Zone2 និង Zone3 ។ សំរាប់អ្នកចង់ទិញទំនិញបែបហ្វាសិន ម៉ូដទាន់សម័យ អ្នកអាចដើររកទិញបានពីទីនោះ ដែលមានដូចជាសំលៀកបំពាក់ កាបូប ស្បែកជើង ឬ គ្រឿងកាឡៃ -ល- ។ ណែនាំអោយតែងខ្លួនជាអ្នកលក់ ឬ មុននឹងទិញ សួរតំលៃលក់រាយ និងបោះដុំជាមុនសិន ព្រោះតំលៃខុសគ្នាខ្លាំង ឬឃើញគេដាក់ប៉ាយ SALE (ទំនិញបញ្ចុះតំលៃ) អាចទៅរកមើលទិញមុនគេ ។

៣.​ផ្សារសាំផេង

ផ្សារនេះមានទីតំាងនៅតំបន់ភូមិចិន ឆៃណាថោន យ៉ាវ៉រ៉ាជ ប្រជាជនភាគច្រើនទៅទិញកាបូប ស្បែកជើង មួក ប្រដាប់ចងសក គ្រឿងអលង្ការកាឡៃ ក្រណាត់ ឧបករណ៍សំរាប់ធ្វើសំភារៈដោយដៃ DIY នៅទីនោះ ។ ផ្សារនេះចែកជាផ្សារព្រលឹមស្រាងៗដែលបើកចាប់ពីម៉ោង ១.០០ – ៦.០០ព្រឹក ដែលលក់តែបោះដុំប៉ុណ្ណោះ និងផ្សារធម្មតាបើកចាប់ពីម៉ោង ៨.០០ – ១៧.០០ល្ងាច ។

៤. ផ្សារប៊ុំបេ

ស្រដៀងនឹងផ្សារសំផេងដែរ តែនៅឆ្ងាយបន្តិចពីកណ្ដាលក្រុង ។ ផ្សារនេះលក់ឥវ៉ាន់បោះដុំ មានដូចជាសំលៀកបំពាក់ ស្បែកជើងជាដើម ហើយមានភាពកក្រឹកកក្រេងក្នុងការលក់ដុំពេលយប់អធ្រាត្រតែម្ដងពីម៉ោង២ព្រឹកដល់ម៉ោង៤រសៀល ។ នៅក្បែរនោះក៏មានផ្សារទំនើបផងដែរ ផ្សារប៊ុំបេថៅវើរ សំរាប់អ្នកដើរហត់ចង់ចូលសំរាកនៅម៉ាស៊ីនត្រជាក់សិន ។

៥. ផ្សាររោងក្លឿ

ប្រហែលជាអ្នកធ្លាប់បានលឺហើយ ជាផ្សារដែលស្ថិតនៅព្រំដែនខ្មែរ ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅទីនោះអ្នកអាចនាំចូលទំនិញសព្វសារពើពីប្រទេសថៃទៅលក់នៅប្រទេសខ្មែរ ដោយចំនុចល្អ អ្នកមិនបាច់ចំណាយច្រើនលើថ្លៃដឹកជញ្ជូនពីប្រទេសថៃមកប្រទេសខ្មែរយើង ហើយអ្នកអាចនិយាយចរចារជាភាសាខ្មែរបាន ដោយសារវានៅជាប់ប្រទេសខ្មែរយើងស្រាប់ ។ ផ្សារនេះមានលក់ទំនិញគ្រប់ប្រភេទមិនថាបែបថ្មី ឬ ជជុះ មានជាង​៣០០០ ហាងទំនិញអោយជ្រើសរើស បើកចាប់ពីម៉ោង ៧.០០ – ២០.០០យប់ ។ អ្នកត្រូវធ្វើមានប៉ាស់ព័រ ឬ ត្រូវធ្វើប័ណ្ណចូលផ្សារជាមុនសិន ព្រោះផ្សារនេះនៅខាងព្រំដែនប្រទេសថៃ ។

៦. តំបន់និគមឧស្សាហកម្ម

សំរាប់អ្នកដែលចង់ទាក់ទងរកទិញទំនិញផ្ទាល់ពីរោងចក្រ អ្នកអាចទៅដល់រោងចក្រផ្ទាល់តែម្តងដើម្បីចរចាធុរកិច្ច ។ ប្រទេសថៃមាននិគមឧស្សាហកម្មចំនួន ៥៣ ពេញផ្ទៃប្រទេស ដែលនិគមនីមួយៗប្រជុំដោយរោចក្រជាច្រើនប្រមូលផ្តុំគ្នាជាភូមិតែម្ដង ។ និគមឧស្សាហកម្មទាំងនោះមាននៅជាយក្រុងបាងកក ខេត្តសាមុតប្រាកាន ឈុនបុរី រ៉ាយ៉ង រ៉ាជបុរី សាមុតសាខន ឡាំពូន សង់ខ្លា ណងខាយ ឧដនថានីជាដើម ។

ប្រទេសវៀតណាម

ប្រទេសវៀតណាមមានផ្សារសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

១.Saigon Square

ផ្សារទំនើប Saigon Square មានទីតាំងនៅក្រុងហូជីមិញ ហើយផ្សារមួយនេះក៏មានលក់សម្លៀកបំពាក់ នឹងគ្រឿងអលង្ការជាច្រើន រីឯតម្លៃវិញគឺវាមានតម្លៃបោះដុំធូរថ្លៃដែលងាយស្រួលសំរាប់អ្នកយកមកលក់បន្ត។ ​ជាពិសេសមិនថាអ្នករស់នៅទីនោះ រឺអ្នកដែលទៅលំហែកាយតែងតែទៅទិញឥវ៉ាន់នៅទីនោះ។

២.Ben Thanh Market

ផ្សារបិនថាញមានភាពសប្បាយរីករាយនៅពេលថ្ងៃនិងពេលយប់។ ផ្សារកណ្តាលរបស់ទីក្រុងហូជីមិញមួយនេះ ជាកន្លែងដែលត្រូវមើលឃើញនៅពេលទៅទស្សនាទីក្រុងធំបំផុតនិងពុះកញ្ជ្រោលបំផុតរបស់ប្រទេសវៀតណាម។ នៅពេលរាត្រីផ្សារមួយបានរៀបចំឡើងនៅតាមសាលធំលក់សម្លៀកបំពាក់សម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍រហូតដល់ម៉ោង ២៤ រួមជាមួយតូបអាហារតាមផ្លូវលេចធ្លោចេញគួរឱ្យចាប់អារម្មណ៍។

៣. Fashion Boutiques

ហាងទំនើបមួយនេះ គឺជាហាងឆ្នៃម៉ូតគរឿងអលង្ការដែលមានមនុស្សជាច្រើនដែលបានទៅប្រទេសវៀតណាមហើយចាប់អារម្មណ៍ទៅលើហាងនេះ។ ជាពិសេសមានអ្នកលក់មួយចំនួនតូចបានបញ្ផាទិញគ្រឿងអលង្ការពីហាងមួយកន្លែងនេះដើម្បីយកមកលក់បន្ត ហើយហាងមួយនេះក៏បានចែកចាយតាមប្រទេសមួយចំនួនតូចផងដែរ។

ទំនិញនៅក្នុងប្រទេសទាំង ៣ នេះជាប្រភពបោះដុំធំបំផុតមួយសម្រាប់អ្នកលក់ស្រុកខ្មែរ ហើយលោកអ្នកអាចទិញទំនិញទាំងនេះតាមរយៈវេបសាយ និងបញ្ជាទិញតាមទីភ្នាក់ងារក្នុងស្រុកណាមួយ ដែលមានលទ្ធភាពអាចជួយបញ្ជាទិញលោកអ្នកបាន ឬក៏អាចទៅទិញដោយផ្ទាល់ក៏បានដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ