• សត្វព្រៃកម្រចំនួន ៥ប្រភេទបានព្រលែងនៅក្នុងព្រៃនៃរមណីយដ្ឋានអង្គរ

    រមណីយដ្ឋានអង្គរក្រៅពីមានប្រាង្គប្រាសាទដ៏មហស្ចារ្យ ក៏មានព្រៃជាដែនជម្រកសត្វព្រៃដ៏មានសុវត្ថិភាព ដែលត្រូវបានអង្គការសម្ពន្ធមិត្តសត្វព្រៃ (WILDLIFEALLIANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ ជ្រើសជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទតាំងពីឆ្នាំ២០១៣។

    តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រយៈពេល៦ឆ្នាំកន្លងមកនេះសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន៨ក្បាល (២ក្បាលកំពុងផ្សាំ) ឈ្លូស៤ក្បាល សំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និងស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្សាំនិងព្រលែងឱ្យរស់នៅក្នុងព្រៃឧទ្យានអង្គរ ក្រោមការមើលថែយ៉ាងល្អប្រសើរ។

    ប្រភពសត្វទាំងនេះខ្លះយកមកពីឧទ្យានភ្នំតាម៉ៅនិងខ្លះយកមកពីកោះក្រពី ខេត្តកោះកុង ហើយយកមកព្រលែងនៅទីតាំងសំខាន់ចំនួន៣ក្នុងរមណីយដ្ឋានអង្គរដូចជា នៅខ្លោងទ្វារខ្មោច ខ្លោងទ្វារតាកាវ និងប្រាសាទតានៃ ដែលមានព្រៃស៊ុបទ្រុប សុវត្ថិភាពសម្រាប់ការស់នៅរបស់ពួកគេ។

    ឯកឧត្តម ដារដ្ឋ បានបន្តថា ការព្រលែងសត្វព្រៃក្នុងតំបន់អង្គរ គឺក្នុងបំណងរួមចំណែកអភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះថ្នាក់និងការផុតពូជ។ ពិសេសសត្វព្រៃក៏ជាប្រភពដ៏សំខាន់មួយក្នុងការទាញទេសចរ ព្រោះវាមិនបានផ្តល់ផលអាក្រក់ឬគ្រោះថ្នាក់ដល់មនុស្សឡើយ បើមនុស្សមិនរំលោភបំពានលើពួកវា។

    ចំពោះការថែទាំសត្វព្រៃកម្រទាំង៥ប្រភេទនេះ មានភ្នាក់ងារបំពេញការងារជាប្រចាំពីរនាក់ មានកាមេរាសុវត្ថិភាពសម្រាប់តាមដានសកម្មភាពសត្វ និងសកម្មភាពយាយីពីជនខិលខូច។ មិនតែប៉ុណ្ណោះ ក៏មានការចុះតាមដានដោយផ្ទាល់ពីអង្គការសម្ពន្ធមិត្តសត្វព្រៃយ៉ាងតិច១ខែម្តង ដើម្បីតាមដានពីសុខភាពសត្វផងដែរ។

    នៅក្នុងតំបន់អង្គរ ក្រៅពីមានសត្វព្រៃកម្រទាំង៥ប្រភេទនេះ ក៏មានសត្វជាច្រើនប្រភេទដែលបានរស់នៅតាំងពីយូរហើយដែរដូចជា ស្ទាំង ពស់ កាំប្រម៉ា មាន់ព្រៃ។ល។ ហើយជាចក្ខុវិស័យទៅអនាគត អាជ្ញាធរជាតិអប្សរា អង្គការសម្ពន្ធមិត្តសត្វព្រៃ និងរដ្ឋបាលព្រៃឈើ ក៏មានគម្រោងយកសត្វព្រៃជាច្រើនប្រភេទខុសគ្នាមានក្ងោក បក្សី សត្វកម្រ សត្វចតុបាទ មកដោះលែងនៅក្នុងតំបន់អង្គរបន្ថែមទាំង ដើម្បីលើកតម្លៃអង្គរនិងទាក់ទាញទេសចរ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ