«ប្រាសាទបាគង» មានភាពស្រស់ស្អាត និងមានអាយុកាលជាង មួយពាន់ មួយរយឆ្នាំ

សៀមរាប៖ ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាជាវិមានឯករាជ្យនៅក្រុងភ្នំពេញ តែក៏មានភ្ញៀវទេសចរមួយចំនួនមិនសូវជាស្គាល់បានទៅហួសមកហួស មិនដែលបានទៅលេងព្រោះតែទីតាំងនៃ ប្រាសាទស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្ត ពោលគឺ នៅខាងកើតទីរួមខេត្តសៀមរាប ។ ប្រាសាទបាគង មានទីតាំងស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ សាងសង់ឡើង ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មមញ្ញសាសនាបើគិតមកទល់ពេលនេះមានអាយុកាលជាង មួយពាន់ មួយរយឆ្នាំមកហើយប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ(រលួស) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទ បួរួបូឌួ នៅប្រទេសឥណ្ឌូនេស៊ី ( ប្រទេសជ្វា អតីតកាល) ។

ប្រាសាទ បាគង មានខឿន ៥ ជាន់ ដែលតំណាងឱ្យឋាន ៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ( ឋានមនុស្ស ) ឋានយក្ស និង ឋានមហារាជ ( ឋានអាទិទេព ) ។ ប្រាសាទ មានតួប៉ម ១២ តំណាងឱ្យខែទាំង ១២ គឺតំណាងឱ្យ ព្រះកាល គឺ ពេលវេលា ។ តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យ វរ្ម័នទី ២ ស្ថិតក្នុងរចនាប័ទ្មអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី ១ នោះ សង់ពីឥដ្ឋសម្រាប់តម្កល់សិវៈលិង្គ ( កម្រតេងជគតរាជស្រីឥន្ទ្រស្វារៈ ) សម្រាប់ដំឡើង​​​​​​ឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមតទាំង ៩ និង អាណាចក្រ ៣ ។ វាមានប្រាង្គសង់ពីឥដ្ឋ ៨ ទៀតតំណាងឱ្យទិសទាំង ៨ និង ជាទីគង់របស់លោកបាលទាំង ៨ និង ជាលោកធាតុទាំង ៨ គឺទឹក ដី ភ្លើង ខ្យល់ មេឃ ព្រះអាទិត្យ ព្រះច័ន្ទ និង អាត្ម័ន ។ ប្រាសាទនេះមានគូទឹកព័ទ្ធជុំវិញ ដែលតំណាងឱ្យមហាសមុទ្រធំៗទាំង ៧ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ