គ្រាន់តែលួច​យក​គ្រឿង​ខូចៗ ពីក្រុមហ៊ុន Foxconn មក​រៀប​ដំឡើង iPhone ថ្មី កើប​លុយ​បាន ៤៣ លាន​ដុល្លារ!!!

បើ​តាម​របាយការណ៍​ពី BGR បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន Foxconn កំពុង​ស៊ើបអង្កេត​យ៉ាង​ស៊ីជម្រៅ​ជុំវិញ​ការ​ឃុបឃិត​របស់​អ្នក​គ្រប់គ្រង​រោងចក្រ​នៅ​ឯ​ទីក្រុង Zhengzhou ដែល​ហ៊ាន​អនុញ្ញាត​ឲ្យ​បុគ្គលិក​លួច​យក​គ្រឿង​បង្គំ iPhone ទៅ​ចរាចរ​ក្នុង​ទីផ្សារ​ងងឹត រហូត​កើប​ចំណូល​បាន​ដល់​ទៅ ៤៣ លាន​ដុល្លារ។

ជា​ធម្មតា​ផ្នែក​គ្រឿង​បង្គំ​ដែល​មាន​បញ្ហា​គឺ​រោងចក្រ​ត្រូវ​ធ្វើ​ការ​កម្ទេច​ទៅ​តាម​ដំណាក់កាល​បាន​កំណត់ ប៉ុន្តែ​បុគ្គលិក​ខិលខូចរបស់ Foxconn បែរ​ជា​លួច​យក​របស់​ខូច​ទាំង​នោះ ទៅដាក់លក់ឲ្យឈ្មួញលើទីផ្សារងងឹត ដើម្បីធ្វើការកែច្នៃ​ថ្មី​និង​រៀបចំ​ដំឡើង​ចេញ​ជា iPhone ដាក់​លក់​នៅ​ខាង​ក្រៅ។

សេដ្ឋី​ប្រាក់​ពាន់​លាន​លោក Terry Gou ដែល​ទើប​តែ​លា​ឈប់​ពី​តំណែង​ជា​អ្នក​គ្រប់គ្រង Foxconn បាន​បដិសេធ​មិន​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​ព័ត៌មាន​នេះ ដោយ​លោក​គិត​ថា​វា​ត្រឹម​ជា​បញ្ហា​តូច​ធម្មតា​ដែល​ជា​ទង្វើ​របស់​បុគ្គលិក​មួយ​ឬ​ពីរ​រូប​តែ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​បុគ្គលិក​សរុប​ក្នុង​ក្រុមហ៊ុន​មាន​ដល់​ទៅ​ជាង ១ លាន​នាក់។

ក្រោយ​ធ្លាយ​ចេញ​រឿងរ៉ាវ​នេះ Apple ​ដែល​ជា​ក្រុមហ៊ុន​សហការ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Tim Cook បាន​ប្រញាប់ប្រញាល់​ចូលរួម​ស៊ើបអង្កេត​យ៉ាង​សកម្ម ខណៈ​ចម្លើយ​ច្បាស់ការ​ពី​អត្តសញ្ញាណ​ជន​ឃុបឃិត​ណា​ខ្លះ​នោះ មិន​ទាន់​ត្រូវ​បាន​បង្ហើយ​នៅ​ឡើយ៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ