• បុរស ដែលគេចោទ ថាលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹក និងត្រូវថៅកែការ៉ាស់សាំងវាយឡើងទ្រោមខ្លួននោះ ឥឡូវចេញមុខបកស្រាយហើយ

    រាជធានីភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្ថានីយប្រេងឥន្ធនៈ PTT ជិតរង្វង់មូលគួរស្រូវ​ ខណ្ឌដង្កោ​ ជាប់ផ្លូវជាតិលេខ២​ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ត្រូវបានថៅកែការ៉ាស់សាំងមួយកន្លែងបានធ្វើការចាប់ឃាត់ខ្លួន និងវាយដំរហូតទ្រោមខ្លួន ដោយចោទប្រកាន់បុរសនោះថាធ្វើសកម្មភាពលបលួចចូលក្នុងបន្ទប់ទឹកមនុស្សស្រី ដើម្បីធ្វើសកម្មភាពមិនសមរម្យដូចជាចូលទៅអុកឡុក​ និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹក។​

    ក្រោយមានហេតុការណ៍នេះកើតឡើង នៅមុននេះះម្ចាស់សាមីខ្លួនបានធ្វើការបកស្រាយនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា “ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ !សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី ១៦ ធ្នូដែរ) ។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៍គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់ ។ សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ

    ១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់ ។

    ២. ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

    ៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។

    ៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។

    ៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ។ *សូមបងប្អូនគិតពិចារណាតាមការគួរ ។ សូមអរគុណ !”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ