អត្តពលិកមេដាយមាស SEA Games ទទួលបានប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ ពី NAGA WORLD

(ភ្នំពេញ)៖ ណាហ្គាវើលដ៍ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់រង្វាន់ពិសេសមួយ ដោយចំណាយទឹកប្រាក់៣៦,០០០ដុល្លារអាមេរិក ដើម្បីអបអរសាទរដល់ជ័យជម្នះអត្តពលិកកម្ពុជា ពីក្នុងព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ (SEA Games 2019) លើកទី៣០ ដែលទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ។

ពិធីប្រគល់រង្វាន់ ត្រូវបានធ្វើឡើងក្នុងផ្សារទំនើបក្រោមដីណាហ្គាស៉ីធីរ៉ក ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ប្រតិភូកីឡា, អត្តពលិក, និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនណាហ្គាវើលដ៍។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង «ដំណើរឆ្ពោះទៅរកមេដាយមាស» របស់ណាហ្គាវើលដ៍ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អត្តពលិកមេដាយមាសឯកត្តជនម្នាក់ ទទួលបានរង្វាន់ជាទឹកប្រាក់ ៦០០០ដុល្លារអាមេរិក ចំណែកឯអត្តពលិកមេដាយមាសក្រុមទទួលបានប្រាក់រង្វាន់ ១០០០០ដុល្លារអាមេរិក។

វីរកីឡាករ កីឡាការិនី ដែលទទួលបានមេដាយមាសស៉ីហ្គេមក្នុងឆ្នាំ២០១៩នេះ មានកីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី ក្នុងប្រភេទទម្ងន់ធ្ងន់លើស៧៣គីឡូក្រាម, កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម, កីឡាករគុនល្បុក្កតោ Arnis យ៉ុង ម៉េងលី និងកីឡាការិនីប៉េតង់ក្រុម៣ទល់៣ ស្រេង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា, និង អ៊ុន ស្រីយ៉ា។

ក្រៅពីនេះ ណាហ្គាវើលដ៍ ក៏បានផ្តល់រង្វាន់ជាទឹកប្រាក់ ដល់គ្រូបង្វឹករបស់អត្តពលិកមេដាយមាសម្នាក់ៗ នូវទឹកប្រាក់១០០០ដុល្លារអាមេរិក ព្រមទាំងផ្តល់រង្វាន់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នូវទឹកប្រាក់ ៤០០០ដុល្លារអាមេរិកផងដែរ ចំពោះមេដាយមាសទាំង៤ ដែលអត្តពលិកទទួលបាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ លើសពីនេះទៅទៀត ណាហ្គាវើលដ៍ ក៏បានឧបត្ថម្ភឯកសណ្ឋានកីឡាសម្រាប់គណៈប្រតិភូដឹកនាំកីឡា និងអត្តពលិកទាំងអស់ ទៅកាន់ប្រទេសហ្វីលីពីនផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍បានថ្លែងថា «ចំនួនមេដាយមាសស៉ីហ្គេម ឆ្នាំ២០១៩នេះ របស់កម្ពុជា លើសពីឆ្នាំមុន២ដង។ យើងសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការអភិវឌ្ឍ និងបណ្តុះបណ្តាលអត្តពលិកកម្ពុជា ឲ្យមានការអភិវឌ្ឍជាលំដាប់ ពីស៉ីហ្គេមមួយទៅស៉ីហ្គេមមួយទៀត»។

លោកបន្តថា «ណាហ្គាវើលដ៍មានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយនៃដំណើរការនេះ ខណៈយើងគាំទ្រដល់កម្មវិធីកីឡា របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទូទាំងប្រទេស។ ក្នុងការត្រៀមខ្លួននៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៉ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ យើងសង្ឃឹមថា ការខិតខំប្រឹងប្រែងវិនិយោគរបស់យើង ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងហុចផ្លែផ្កា និងធ្វើឲ្យអត្តពលិករបស់កម្ពុជាកាន់តែខ្លាំង»៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ