(ហូជីមិញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវប៉ះក្រុម U20 មីយ៉ាន់ម៉ា ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ U20 BTV Cup 2019 នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម។
គួរដឹងថា ការប្រកួតនេះ បានកើតឡើងបន្ទាប់ពីក្រុមទាំងពីរ បានរងបរាជ័យដូចគ្នា ក្នុងប្រកួតដំបូងនៃពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ ពោលគឺក្រុម U20 កម្ពុជា បានចាញ់ក្រុម U20 វៀតណាម ៣-០ ខណៈក្រុម U20 មីយ៉ាន់ម៉ា បានចាញ់ក្រុមម្ចាស់ផ្ទះ Becamex Binh Duong ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ៣-៣។
លោក Gyotoku Koji គ្រួបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាបានឲ្យដឹងថា ទោះបីនេះគឺជាការប្រកួតមិត្តភាព តែលោកបានត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតប្រជែង និងជំរុញកូនក្រុមខំប្រឹងឲ្យអស់ពីសមត្ថភាព ក្នុងគោលបំណងចង់ដឹងពីការវិវត្តន៍សមត្ថភាពរបស់កូនក្រុម។ ហើយការប្រកួតចុងក្រោយនេះ កីឡាករម្នាក់ៗក៏បានតាំងចិត្តធ្វើឲ្យបានល្អមកវិញផងដែរ។
គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្ដរជាតិ BTV Cup 2019 នេះ គឺមាន ៤ក្រុមចូលរួមប៉ុណ្ណោះ ហើយក្រោយប្រកួតខ្វែងគ្នា ក្រុមឈ្នះ បានឡើងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមចាញ់ ត្រូវជួបគ្នាដណ្ដើមលេខ៣។ ចំពោះបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រវិញ គឺក្រុម U20 វៀតណាម និងក្រុមយុវជន Becamex Binh Duong នឹងត្រូវជួបគ្នាល្ងាចស្អែក ដើម្បីដណ្ដើមជើងឯក៕