អស្ចារ្យមែន! «គំនូរ​រូប​សត្វ​ក្របី» មាន​អាយុកាល ៤៤,០០០ឆ្នាំ ត្រូវបាន​គេ​រកឃើញ​នៅ​ឥណ្ឌូណេស៊ី

(ហ្សការតា)៖ គំនូរគូរដោយដៃ នៅលើជញ្ជាំងក្នុងល្អាងភ្នំមួយកន្លែង នៃប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានគេរក ឃើញកាលពីពីរឆ្នាំមុន គឺមានអាយុជាង ៤៤,០០០ឆ្នាំ។ គំនូរនេះត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្ដី journal Nature ដោយក្រុមអ្នកបុរាណវិទ្យាមកពីសាកលវិទ្យាល័យ Griffith ក្នុងទីក្រុង Brisbane ប្រទេសអូស្រ្តាលី។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

គំនូរដ៏ចំណាស់ខាងលើ បានបង្ហាញពីសត្វក្របីមួយក្បាល (អម្បូរសត្វក្របី Anoa) ដែលកំពុងត្រូវបាន ប្រមាញ់ដោយ ភាវៈមានលក្ខណៈដូចជាមនុស្សផង និងសត្វផង កាន់លំពែង និងខ្សែជាឧបករណ៍ប្រមាញ់។ ចំណែកឯ ក្រុមអ្នកបុរាណវិទ្យាខ្លះ ជឿជាក់ថាឈុតឆាកនៅក្នុងគំនូរនេះអាចជាខ្សែរឿងដ៏ចំណាស់បំផុតមួយ នៅលើពិភពលោក។

គួរបញ្ជាក់ថា «គំនូររូបសត្វក្របី» មានប្រវែង ៤.៥ម៉ែត្រ ខាងលើ ត្រូវបានគេរកឃើញនៅក្នុងល្អាងភ្នំ Leang Bulu’Sipong 4 ស្ថិតនៅភាគខាងត្បូងខេត្ត Sulawesi នៃកោះ Borneo ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែ គំនូរគូរដោយដៃនេះមិនមែនមានអាយុកាលចំណាស់ជាងគេនោះទេ ដោយកាលពីឆ្នាំ២០១៨ ក្រុមអ្នកស្រាវជា្រវ បានឱ្យដឹងថា ពួកគេបានរកឃើញ «គំនូររូបមនុស្ស» ចាស់ជាងគេបំផុតលើបំណែកថ្មនៃល្អាងភ្នំមួយ នៅប្រទេស អាហ្វ្រិកខាងត្បូង ដែលមានអាយុកាល ៧៣,០០០ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ