បាល់ទាត់កម្ពុជា បំបែកកំណត់ត្រា២ នៅព្រឹត្តិការណ៍កីឡា SEA Games

(ម៉ានីល)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាប្រភេទកីឡាមួយ ក្នុងចំណោម ៣១ប្រភេទកីឡាដែលកម្ពុជា បញ្ជូនទៅប្រកួតប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ដែលមានប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះ។

ជាលទ្ធផលប្រភេទកីឡាករដែលលេងលើវាលស្មៅនេះ មិនទាន់ទទួលបានមេដាយនោះទេ តែបានបំបែកកំណត់ត្រា២ ក្នុងយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តង ពោលគឺ U22 កម្ពុជា បានឆ្លងផុតវគ្គចែកពូល ឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ ៤ក្រុមចុងក្រោយ) ជាលើកដំបូង និងទី២នោះ គ្រាប់បំប៉ោងសំណាញ់ទីដ៏លឿនបំផុត ដែលធ្វើបានដោយកីឡាករវ័យក្មេង សៀង ចន្ធា មានត្រឹមតែ ១៨វិនាទីប៉ុណ្ណោះ ក្នុងចំណោមគ្រាប់បាល់សរុប ១១១គ្រាប់ពី ២៩ប្រកួតដែលមាន ១១ប្រទេសចូលរួម។

មួយវិញទៀត U22 កម្ពុជា ក៏បានយកឈ្នះក្រុមខ្លាំង U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-១ មួយប្រកួតកាត់សេចក្តីនៃវគ្គសន្សំពិន្ទុប្រចាំពូល A ដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។

ទន្ទឺមគ្នានោះដែរ កីឡាករសំខាន់ ២រូបរបស់កម្ពុជាដែលត្រូវបានគេចាប់អារម្មណ៍ក្នុង SEA Games 2019 នេះ រួមមាន កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ កែវ សុខផេង លោក Felix គ្រូបង្វឹកផ្តល់ការទុកចិត្តដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូងក្នុងចំណោម ៦ប្រកួតសរុបរបស់កម្ពុជា និងទទួលបានរ៉ាប់រងបាល់ប៉េណាល់ទី ១១ម៉ែត្រទៀតផង ដែលរកបាន ៤គ្រាប់ជាមួយនឹងការភ្លាត់ស្នៀតប៉េណាល់ទី ២គ្រាប់ដែរនោះ បានត្រឹមជាប់ចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ U22 មីយ៉ាន់ម៉ាដោយបាល់ទាត់ប៉េណាល់ទីកាត់សេចក្តី ៤-៥ ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ នៅកីឡដ្ឋាន Rizal Memorial ស្ថិតក្នុងទីក្រុង Manila ប្រទេសហ្វីលីពីន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ