ក្រុមពន្លត់អគ្គីភ័យអូស្ត្រាលីត្រៀមទប់ទល់ ភ្លើងឆេះព្រៃនៅភាគខាងកើត ដែលនឹងកាន់តែអាក្រក់ឡើងៗ

(ស៊ីដនី)៖ ភ្នាក់ងារពន្លត់អគ្គីភ័យរាប់ពាន់នាក់កំពុងត្រៀមលក្ខណៈ សម្រាប់ការកើនឡើងសីតុណ្ហភាព ដែលនឹងអាចធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃ នៅតាមតំបន់ភាគខាងកើតអូស្រ្តាលី កាន់តែអាក្រក់ឡើងៗថែមទៀត។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

ខណៈនេះភ្លើងឆេះព្រៃមិនក្រោម ១០០កន្លែងនោះទេ កំពុងតែកើតមាននៅតំបន់ឆ្នេរខាងកើត នៃប្រទេសអូស្រ្តាលី ហើយអ្វីដែលគួរឲ្យបារម្ភនោះគឺ ស្ថានការណ៍អាចកាន់តែអាក្រក់ធ្ងន់ធ្ងរថែមទៀតក្នុងសប្តាហ៍នេះ នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមកើនឡើងខ្ពស់ដល់ ៤០អង្សាសេយ៉ាងតិច។ ជាមួយគ្នានេះ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណជាង ២,០០០នាក់ ដែលកំពុងតែបំពេញប្រតិបត្តិការ យ៉ាងសស្រាក់សស្រាំបាននិងកំពុងចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីព្យាយាមកាត់បន្ថយហានិភ័យ។

គួរជម្រាបថា ភ្លើងឆេះព្រៃនៅភាគខាងកើតអូស្រ្តាលី បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ០៦នាក់ បំផ្លាញលំនៅឋានជាង ៦៨០ខ្នង និងឆាបឆេះផ្ទៃដីសរុបលើសពី១លានហិកតា គិតចាប់តាំងតែពីពួកវាបានកើតឡើងកាលពីខែវិច្ឆិកាកន្លងទៅ។ ខណៈភ្លើងឆេះព្រៃតែង កើតឡើងជាធម្មតានៅអំឡុងរដូវក្តៅហើយស្ងួតរបស់អូស្រ្តាលី ការវាយប្រហារដោយភ្លើងឆេះព្រៃឆ្នាំនេះ ហាក់ឆាប់កើតឡើងជាងរាល់ដង ដែលជាហេតុធ្វើឲ្យអ្នកជំនាញមួយចំនួន បានព្រមានពីបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ដែលធ្ងន់ធ្ងរខ្លាំងជាងរាល់ឆ្នាំ។

ដោយសារតែឥទ្ធិពលនៃភ្លើងឆេះព្រៃ ទីក្រុងស៊ីដនីរបស់អូស្រ្តាលី ដែលជាជម្រកនៃមនុស្សជាង ៥លាននាក់ ត្រូវបានគ្របដណ្តប់ ដោយផ្សែងនិងធូលីផេះជាងមួយសប្តាហ៍។ ប្រការនេះបានធ្វើឲ្យផ្ទៃមេឃលើទីក្រុងប្រែពណ៌ជាទឹកក្រូច និងបង្ខំឲ្យអ្នកដើរហើរនៅខាងក្រៅ ត្រូវពាក់ម៉ាស់ការពារ។ ក្នុងប្រវត្តិសាស្រ្តអូស្រ្តាលី ភ្លើងឆេះព្រៃដែលអាក្រក់ជាងគេបំផុតគឺនៅរដ្ឋ វិតូរៀ (Victoria) កាលពីខែកុម្ភៈ ឆ្នាំ២០០៩ ដែលបានសម្លាប់មនុស្ស ១៧៣នាក់, បង្កឲ្យរបួស ៤១៤នាក់ និងបំផ្លាញលំនៅឋានរាប់ពាន់ខ្នង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ