• SEA Games៖ ម្ចាស់មេដាយមាសអាស៊ី ខាន់ ចេសា នឹងប្រកួតរកមេដាយជូនជាតិថ្ងៃនេះ

    (ម៉ានីល)៖ កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវចេញយុទ្ធនាការប្រកួតរកមេដាយជូនជាតិកម្ពុជាថ្ងៃនេះហើយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។

    បើតាមការបញ្ជាក់របស់នាយបេសកម្មលោក វ៉ាត់ ចំរើន បានឲ្យដឹងថា នៅថ្ងៃទី០៩-ធ្នូនេះ កម្ពុជាមានអត្តពលិក ១០ប្រភេទកីឡាទៀត ត្រូវបន្ដបេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមានកីឡាហែលទឹក, វាយកូនឃ្លីលើតុ, ទុកក្ដោង, កាយសម្ព័ន្ធ, អត្តពលកម្ម, តេក្វាន់ដូ, ការ៉ាតេដូ, សូហ្វតិន្នីស, ជឺជិតស៊ូ(Juijitsu) និងកីឡាចំបាប់។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមអត្តពលិកត្រៀមប្រកួត មានកីឡាការិនី ១រូប ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ហើយត្រូវប្រកួតថ្ងៃនេះ គឺកីឡាការិនី ខាន់ ចេសា ដែលត្រូវប្រកួតទម្ងន់ ៤៩គីឡូក្រាម ។ កាលពីឆ្នាំមុន កូនខ្មែរនៅអាមេរិករូបនេះ បានសាងប្រវត្តិសាស្ដ្រដណ្ដើមមេដាយមាសកីឡាអាស៊ីជូនជាតិម្ដងរួចមកហើយ ។

    បើតាមការបញ្ជាក់របស់កីឡាការិនីវ័យ ១៧ឆ្នាំរូបនេះ នាងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយ ខាន់ ចេសា ថែមទាំងបានប្ដេជ្ញាចិត្តខ្ពស់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកមេដាយមាសពីព្រឹត្តិការណ៍នេះជូនប្រទេសកម្ពុជាបន្ដទៀត ។ លើសពីនេះ ចេសា ក៏បានបង្ហាញនូវមោទនភាព ដែលបានចូលរួមប្រកួតតំណាងប្រទេសកម្ពុជាផងដែរ ។

    គួរបញ្ចាក់ថា បេសកកម្មមួយនេះ ជឺជិតស៊ូបានបញ្ជូនអត្តពលិក ៤រូបទៅចូលរួម ហើយថ្ងៃនេះមាន ៣រូបត្រូវធ្វើការប្រកួត ទី១-កីឡាការិនី ខាន់ ចេសា ត្រូវប្រកួតបើកឆាកដោយប៉ះកីឡាការិនីវៀតណាម, ទី២-កីឡាករ ហួរ សេងហុង ប្រកួតទម្ងន់ ៦៩គីឡូក្រាម ដោយបើកឆាកត្រូវជួបកីឡាករសិង្ហបុរី និងទី៣-កីឡាករ ខូវ វិវឌ្ឍនា ត្រូវប្រកួតទម្ងន់ ៦២គីឡូក្រាម ដោយបើកឆាកត្រូវជួបកីឡាករម្ចាស់ផ្ទះសិង្ហបុរី ។

    យ៉ាងណាមិញថ្ងៃនេះ ផ្អែកលើកម្មវិធីប្រកួតផ្ដល់ជូនដោយនាយបេសកកម្មខាងលើ ក្រៅពីកីឡាជឺជិតស៊ូ កម្ពុជាក៏រំពឹងដណ្ដើមបានមេដាយបន្ថែមលើប្រភេទកីឡាមួយចំនួនផងដែរ ដូចជាកីឡាតេក្វាន់ដូ ចំបាប់ និងកីឡាសូហ្វតិន្នីសជាដើម ។ នេះគឺជាថ្ងៃទី៩ ហើយ ដែលអត្តពលិកកម្ពុជា បានធ្វើការប្រកួតយ៉ាងស្វិតស្វាញក្នុងព្រឹត្តិការណ៍នេះ ដើម្បីស្វែងរកមេដាយជូនជាតិ ខណៈការប្រកួតនៅសល់ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងបញ្ចប់ ។

    គិតត្រឹមល្ងាចថ្ងៃទី០៨ ខែធ្នូម្សិលមិញ កម្ពុជាដណ្ដើមបានមេដាយសរុប ៣៥គ្រឿងហើយ រួមមានមេដាយមាស ៣, ប្រាក់ ៦ និងសំរឹទ្ធ ២៦ ដែលដណ្ដើមបានដោយអត្តពលិករួមមាន៖

    • កីឡាគុនល្បុក្កតោ(ប្រកួតកីឡា Arnis) ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
    • កីឡាប៉េតង់ ឈ្នះមេដាយមាស ១(វិញ្ញាសានារី ៣នាក់) និងប្រាក់ ១(វិញ្ញាសាវាគូបុរស) ។
    • កីឡាតេក្វាន់ដូ ឈ្នះមេដាយមាស ១ (ស៊ន សៀវម៉ី) និងមេដាយប្រាក់ ២ គ្រឿង ។
    • កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង ។
    • កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង ។
    • កីឡាប្រដាល់សកល ឈ្នះមេដាយសំរឺទ្ធ ៥គ្រឿង
    • កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ