ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឲ្យកោតសរសើរដោយអ្នកគ្រូបង្រៀនម្នាក់ បានតស៊ូដើរលើវាលខ្សាច់ ៥គីឡូដី ហាលថ្ងៃជារៀងរាល់ថ្ងៃដើម្បីបានបង្រៀនផ្ទេរចំណេះដឹងដល់ក្មេងៗ ដោយអ្នកគ្រូនៅ ភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីមានការចែករំលែកពេញបណ្តាញសង្គមដូច្នេះ នារីស្រស់ស្អាតម្នាក់ដែលជាថៅកែហាងពេជ្រដែលតែងតែធ្វើនូវអំពើសប្បុរសធម៌ បានបង្ហោះនៅលើហ្វេសប៊ុកថាខ្លួននឹង ឧបត្ថម្ភម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿងដល់អ្នកគ្រូបង្រៀន និងសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទីនោះផងដែរ។
នេះបើយោងតាមការបង្ហោះ នារីស្រស់ស្អាតបានសរសេររៀបរាប់ថា៖ គ្រូបង្រៀនជាអ្នកមានគុណទី២ ជាអ្នកផ្ទេរចំណេះវិជ្ជា ដើម្បីអនាគតប្អូនៗ។ ខ្ញុំពិតជាសរសើរទឹកចិត្តអ្នកគ្រូ ម៉ៅ ខ្លាំងណាស់ ហើយក៏អាណិតខ្លាំងដែរ ព្រោះត្រូវដើរមកបង្រៀនក្មេងៗរាល់ថ្ងៃបែបនេះ😥😥😥 ខ្ញុំមិនដឹងថាលើវាលខ្សាច់ មានផ្លូវអាចជិះម៉ូតូបាន ឬអត់ទេ ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រូ ដោយជួយជាម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿង ហើយដឹកឱ្យគាត់ដល់កន្លែងតែម្ដង ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់គាត់។ មានបងប្អូនណាស្គាល់គាត់ ឬនៅជិតគាត់ទេ ខ្ញុំចង់ដឹងច្បាស់ថាគាត់នៅទីណា អាចយកម៉ូតូទៅជូនគាត់ដល់កន្លែងបានឬអត់។ បើមានអ្នកស្គាល់ ជួយប្រាប់ផង ធ្វើអំពើល្អទាំងគ្នា 😊😊😊