ប្រទេសបារាំងកំពុងទទួលរងកូដកម្មទូទាំងប្រទេសដ៏ធំបំផុតមួយ ដែលវាបានធ្វើឱ្យរំខានដល់សាលារៀន និងការដឹកជញ្ជូនជាច្រើន។ មូលហេតុគឺដោយសារ កម្មករមានការខឹងសម្បារចំពោះកំណែទម្រង់ប្រាក់សោធន ដែលវានឹងធ្វើឱ្យពួកគេត្រូវចូលនិវត្តន៍ ឬប្រឈមនឹងការកាត់បន្ថយប្រាក់ឈ្នួល។ កម្មករជាង ៨០០,០០០នាក់ បានមកបង្ហាញខ្លួនក្នុងការតវ៉ានេះ ខណៈទីក្រុងមួយចំនួនក៏កំពុងមានការប៉ះទង្គិចរវាងប៉ូលីស និងអ្នកតវ៉ាផងដែរ។ នេះក៏ព្រោះតែលោកប្រធានាធិបតី Emmanuel Macron ចង់ណែនាំប្រព័ន្ធប្រាក់សោធននិវត្តន៍ផ្អែកលើចំណុចជាសកល។
ប្រព័ន្ធថ្មីនេះនឹងជំនួសប្រព័ន្ធបច្ចុប្បន្ន ដែលមានគម្រោងប្រាក់សោធននិវត្តន៍ខុសៗគ្នាចំនួន ៤២ នៅទូទាំងវិស័យឯកជន និងសាធារណៈ ដោយមានការប្រែប្រួលនៃអាយុចូលនិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗ។ ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សជាង ៨០០,០០០នាក់ បានចូលរួមបាតុកម្មនៅតាមទីក្រុងជាង ១០០ នៅទូទាំងប្រទេសបារាំង។ នៅទីក្រុងប៉ារីសតំបន់ទេសចរណ៍ដែលមានប្រជាប្រិយរួមមាន Tower Eiffel, The Musée d’Orsay និងវិមាន Versailles សុទ្ធតែត្រូវបានបិទទ្វារពេញមួយថ្ងៃ។ ហើយគិតមកទល់ពេលនេះក្រុមមន្រ្តីបាននិយាយថា ប៉ូលីសនៅទីក្រុងប៉ារីសបានចាប់ខ្លួនមនុស្ស ៧១នាក់ ខណៈចំនួនរបួស និងខូចខាតនៅមិនទាន់ច្បាស់លាស់នៅឡើយ៕