• អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុង នៅ​អង្គរវត្ត​ថ្ងៃ​អាទិត្យ​នេះ កើន​ដល់​ជាង ១២០០០នាក់

    (ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត នឹងចូលមកដល់នាថ្ងៃទី០៨ ខែធ្នូចុងសប្ដាហ៍នេះហើយ ខណៈចំនួនអ្នកចុះឈ្មោះចូលរួមបានកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់ជាង ១២,០០០នាក់។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

    លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បើធៀបនឹងឆ្នាំមុន ចំនួនអ្នកចុះឈ្មោះចូលរួមបច្ចុប្បន្ន មានកំណើនច្រើន ដ្បិតឆ្នាំ២០១៨ មានអ្នកចូលរួមត្រឹមតែ ១០,៥០០នាក់។ អ្វីដែលពិសេស ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះមានអ្នកកីឡាទេសចរដ៏ច្រើនលើសលប់បានចូលរួម ក្នុងនោះមានជាង ៥,០០០នាក់ មកពីជាង ៨៤ប្រទេសលើពិភពលោក ដែលបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។

    ពាក់ព័ន្ធការងារបច្ចេកទេស ក៏ដូចជាផ្លូវរត់វិញ ត្រូវបានគណៈកម្មការជំនាញ ត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំ និងទទួលស្វាគមន៍អ្នករត់ទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីលើពិភពលោក ។ បន្ថែមលើនេះ លោកក៏បានអំពាវនាវឲ្យមានការចូលរួមសហការពីគ្រប់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនទេសចរណ៍ឯកជននានា ដើម្បីជំរុញព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះឲ្យទទួលបានជោគជ័យផងដែរ ។ លោក វ៉ាត់ ចំរើន បន្ថែម ។

    គួដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត ត្រូវបានរៀបចំលើកដំបូង ក្នុងឆ្នាំ១៩៩៦ ដោយមានអ្នកចូលរួមត្រឹមតែ ៦៥៤នាក់ប៉ុណ្ណោះ តែដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយ NOCC និងអាជ្ញាធរពាក់ព័ន្ធ បានជំរុញឲ្យព្រឹត្តិការណ៍វិវត្តន៍រីកចម្រើន និងល្បីល្បាញទូទាំងពិភពលោក រហូតអាចទាក់ទាញអ្នកទេសចរកីឡាជាង ១ម៉ឺននាក់ ក្នុងពេលតែមួយទៀតផង ។

    លោក វ៉ាត់ ចំរើន បន្ដថា នេះគឺជាគោលនយោបាយរបស់ក្រសួងទេសចរណ៍ ក៏ដូចជា NOCC បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាល ដើម្បីធ្វើពិពិតកម្មកីឡា និងបង្កើនគុណភាពសេវាកម្មកីឡាទេសចរណ៍ ក្នុងគោលបំណងដ៏សំខាន់ គឺការរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ។ តាមរយៈភាពរីកចម្រើនេះ គឺជាសក្ខីភាពសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍ និងសុខសន្ដិភាពពេញលេញក្នុងប្រទេសកម្ពុជា ។

    ចំពោះទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ បានកើនដល់ ៤វិញ្ញាសា គឺរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តិសាស្ដ្រកម្ពុជា ទាក់ទាញកំណើនភ្ញៀវទេសចរ និងផ្សាភ្ជាប់ជាមួយការងារសង្គម ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា អង្គការកុមារកំព្រា និងជនពិការដោយសារគ្រាប់មីនជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ