គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) បានសម្រេចជ្រើសរើសកាលបរិច្ឆេទក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ រួចរាល់ហើយសម្រាប់រដូវកាល២០២០។
ក្នុងនោះពានរង្វាន់សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ដែលនឹងឈានដល់រដូវកាលទី១៤ ត្រូវបែងចែកជាពីរដំណាក់កាលដូចសព្វដង គឺថ្នាក់ខេត្តពីថ្ងៃទី០៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែឧសភា។ ចំណែកការប្រកួតថ្នាក់ជាតិប្រព្រឹត្តទៅពីថ្ងៃទី១៧ មិថុនា ដល់ថ្ងៃទី០៤ ខែតុលា។
ចំពោះការប្រកួតក្របខណ្ឌ Metfone Cambodian League វិញគឺចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា។ គួររំឭកថា ការប្រកួតបាល់ទាត់ Metfone Cambodian League រដូវកាល២០១៩កន្លងទៅ តំណែងជើងឯកបានទៅលើក្លិបព្រះខ័នរាជស្វាយរៀង។
សម្រាប់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវបានគ្រប់គ្រងដោយក្រុមជម្រើសខេត្តត្បូងឃ្មុំ ខណៈបឹងកេត ឈ្នះជើងឯកថ្នាក់ជាតិជាលើកដំបូង៕
អត្ថបទៈ CNCC