រយៈពេលជាច្រើនខែកន្លងមក ទេពកោសល្យ ក៏ដូចជាសមត្ថភាពពិសេសមួយចំនួន ដែលបង្ហាញដោយបេក្ខជនជាប្អូនតូចៗ បាននឹងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ដោយឆ្លងកាត់ការវាយតម្លៃ និងដាក់ពិន្ទុដ៏ត្រឹមត្រូវរបស់គណៈកម្មការ រួមទាំងបណ្តាអ្នកបោះឆ្នោតគាំទ្រពីទស្សនិកជនទៀតនោះ ពីកម្មវិធីបានស្វែងរកអ្នកជាប់ជ័យលាភីប្រចាំខែជាបន្តបន្ទាប់ ជាមួយនឹងការផ្តល់ជូនត្រឡប់មកវិញនូវកាដូដ៏ពេញចិត្តដល់ប្អូនៗ។
ជារួមមកដល់ត្រឹមពេលនេះ មានបេក្ខជនពីររូបដែលប្អូនបានឆ្លងកាត់នូវការប្រកួតប្រជែងជាច្រើនវគ្គ ហើយក៏កំពុងតែក្លាយជាទីចាប់អារម្មណ៍ដ៏ខ្លាំងក្លាពីអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំមើលថាតើ ពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រនេះ នរណានឹងអាចដណ្តើមយកបាន។ ដូចដែលយើងបានស្គាល់រួចមកហើយ តារា Tik Tokដ៏ល្បី គឺប្អូនស្រី យឹម ដាលីន ដែលប្អូនប៉ិនប្រសព្វក្នុងការសម្តែងសិល្បៈបានស្ទើរគ្រប់តួអង្គជាមួយនឹងកាយវិការម្ញិកម្ញក់ គួរឱ្យខ្នាញ់។ គួររំលឹកផងដែរថា ដាលីន បានជាប់ជ័យលាភីពានរង្វាន់ប្រជាប្រិយភាពផ្ទួនៗគ្នាដល់ទៅពីរខែ ( ខែកញ្ញា និងខែវិច្ឆិកា) ដែលទទួលបានការគាំទ្រច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ទើបប្អូនអាចបន្តមកដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះបាន។
ដោយឡែក សម្រាប់បេក្ខជនមួយរូបទៀត ដែលមានសមត្ថភាពមិនចាញ់គ្នានោះទេ គឺប្អូនប្រុស ឆេង ប្រសិទ្ធ ដែលប្អូនអាចច្រៀង និងរាំបទរ៉េបបានយ៉ាងល្អ។ អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាលាន់មាត់មិនសរសើរមិនបាននោះ គឺប្រសិទ្ធជាកុមារានៅតូច ប៉ុន្តែអាចធ្វើម្អូប( សម្លរកកូរ) ទាំងរាំបណ្តើរ ច្រៀងបណ្តើរ និងផ្សំគ្រឿងបណ្តើរបានទៀតផង។ នេះគឺជាទេពកោសល្យ និងសមត្ថភាពមួយ ដែលពួកគេទាំងពីរអាចធ្វើបានយ៉ាងអស្ចារ្យ និងពោរពេញដោយភាពជឿជាក់។
ជាមួយគ្នានេះដែរ ប្អូនទាំងពីររូបបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកមកបង្ហាញនូវអ្វីដែលថ្មីៗ និងប្លែកៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទាក់ចិត្តគណៈកម្មការ និងអ្នកគាំទ្រ ឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ខ្លាំងឡើងៗ។
ដូចនេះ លទ្ធផលយ៉ាងណា គឺមិនស្ថិតលើការវាយតម្លៃរបស់ គណៈកម្មការតែម្ខាងនោះទេ ។ ក្នុងនោះ ទស្សនិកជនក៏អាចធ្វើការចូលរួមឱ្យពិន្ទុដោយគ្រាន់តែចូលទៅកាន់ហ្វេសប៊ុគផ្លូវការរបស់ទូរទស្សន៍ភីអិនអិន https://www.facebook.com/PNNTVCambodia/ ហើយចុច Like និង Share ទៅលើបេក្ខជនមួយណាដែលខ្លួនពេញចិត្ត ។ សម្រាប់អ្នកដែលបានចូលរួមលេង ភីអិនអិន នឹងជ្រើសរើសយកអ្នកដែលមានសំណាងទទួលបានកាដូជាទីស្រឡាញ់ទៀតផង។ សូមបញ្ជាក់ កម្មវិធី «តូច ខ្លឹម ខ្លាំង» ផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ០៧ យប់៕