ជិះ​ម៉ូតូ បុក​គោ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង

ស្រុក​ស្អាង ៖ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​គោ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ឯ​អ្នក​ដឹកគោ​បាន​គេចខ្លួនបាត់ ហើយ​ករណីនេះ សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋានថា ករណីនេះ​បង្កឡើង​ដោយ​អ្នក​ដឹកគោ​ឆ្លងថ្នល់ និង​អ្នកបើកបរ​ម៉ូតូ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ។ ករណីនេះ​កើតហេតុ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ ឆ្នាំ​២០១៩​វេលា​ម៉ោង​១៦:១០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិតក្នុង​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​ករណីនេះ​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​១​នាក់ ភេទ​ប្រុស និង​ខូចខាត​ម៉ូតូ​១​គ្រឿង​ធ្ងន់ ចំណែក​សាកសព បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​នគរបាល​ស្រុក​ស្អាង បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​ម៉ោង​កើតហេតុ​ខាងលើ មានឈ្មោះ ញិ​ល ខុំ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទាវ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ព្រែក​អំបិល​-​មក​ផ្សារ​ស្អាង​ខាងជើង​) ក្នុង​ល្បឿន​លឿន ។​

លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏មាន​ឈ្មោះ ប៉ឹង ហាំ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ដឹកគោ​ចំនួន​៤​ក្បាល មាន​មេ​និង​មានកូន ឆ្លងថ្នល់​ពី​លិច​មក​កើត ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​គេច​មិន​ផុត​ក៏​បុក​ចំ កូន​គោ​ជំទង់ ពណ៌ ស (​កូន​គោ​នេះ​ម្ចាស់​យក​ខ្សែ​ចងក​ដឹក​) បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​តែម្ដង ក្រោយពេល​កើតហេតុ​អ្នក​ដឹកគោ​បាន​គេចខ្លួនបាត់ ។​

​ចំណែក​វត្ថុតាង​ម៉ូតូ​បាន​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន រីឯ​គោ​សមត្ថកិច្ច​យើង​បានធ្វើ​កិច្ចសន្យា ជាមួយ​ម្ចាស់​ឲ្យ​មើលថែ​ជា​បណ្ដោះអាសន្ន​សិន ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ