រដ្ឋមន្ត្រីក្រសួងសាធារណការលើកឡើងថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់ការបើកបរមិនគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍។
នៅលើទំព័រហ្វេសប៊ុកក្រសួងសាធារណការ កាលពីយប់មិញបានដកស្រង់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងសាធារណការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ស៊ុន ចាន់ថុល មកចុះផ្សាយ។ ប្រភពខាងលើបានសរសេរថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទិសដៅបន្តយុទ្ធនាការចែកមួក បំពាក់ផ្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុល និងថែទាំផ្លូវ និងសកម្មភាព និងយុទ្ធនាការផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
ប្រភបបន្តថា៖ «ការដាក់កាមេរ៉ាតាមផ្លូវដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ (នឹងត្រូវពិន័យដល់ផ្ទះ ព្រមទាំងផ្សព្វផ្សាយតាមហ្វេសប៊ុកដើម្បីបង្ហាញពីឥរិយាបថអាក្រក់ក្នុងការបើកបរ) ការល្បាតឆ្មក់ពេលយប់នៅតាមផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោងចក្រផលិតស៊ីម៉ងត៍់ (ជាពិសេសរោងចក្រស៊ីម៉ងត៍់ក្នុងខេត្តបាត់ដំបង) ការបិទយានដ្ឋានខុសច្បាប់ឱ្យអស់នៅដំណាច់ឆ្នាំនេះ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត»។
ប្រភពសរសេរទៀតថា៖ «ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលិស ត្រូវខ្លាចច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង»៕