• កម្ពុជា ឈ្នះ១ និងចាញ់១ ក្នុងថ្ងៃបើកឆាកប្រដាល់សកល នៃព្រឹត្តិការណ៍ SEA Games 2019

    (ម៉ានីល)៖ ការប្រកួតកីឡាប្រដាល់សកល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមការប្រកួតហើយកាលពីល្ងាចថ្ងៃទី០៤ ខែធ្នូម្សិលមិញ ដោយមានអត្តពលិកកម្ពុជា ២រូប បានចូលរួមប្រកួត ខណៈលទ្ធផលទទួលបានឈ្នះ១ និងចាញ់១។

    សម្រាប់ការប្រកួតបើកទំព័រព្រឹត្តិការណ៍ប្រចាំតំបន់ផ្នែកកីឡាប្រដាល់សកលនេះ កីឡាករកម្ពុជា ស៊ីវ សុខម៉េង បានប្រកួតឈ្នះពិន្ទុដាច់លើកីឡាករឡាវ Khotsombath Kalan ក្នុងវិញ្ញាសាទម្ងន់ ៦៥គីឡូក្រាម ក្រោយចំណាយពេលអស់ ៣ទឹកពេញ។ ជ័យជម្នះនេះបានធ្វើឲ្យកីឡាករវ័យចំណាស់កម្ពុជារូបនេះ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយនឹងបន្ដការប្រកួតថ្ងៃនេះ។

    ចំណែកកីឡាករ ណាត សៀកនិន ហៅ ពេជ្រ ម្ទេសខ្មាំង បានប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Latt Naing ហើយក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ៣ទឹកពេញ ចៅក្រមបានកាត់សេចក្ដីឲ្យកីឡាករមីយ៉ាន់ម៉ាឈ្នះដោយពិន្ទុ។ នេះគឺជាលទ្ធផលមួយដ៏គួរឲ្យសោកស្ដាយសម្រាប់ ពេជ្រ ម្ទេសខ្មាំង ដែលជាជើងខ្លាំងរបស់កម្ពុជា បានរងបរាជ័យ និងអស់ឱកាសត្រឹមថ្ងៃប្រកួតបើកឆាកដូច្នេះ។

    គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែធ្នូម្សិលមិញ កម្ពុជា បានបន្ដរក្សាការដណ្ដើមបានមេដាយសរុប ២១គ្រឿងដដែល រួមមានមេដាយមាស ១, ប្រាក់ ៣ និងសំរឹទ្ធ ១៧ ដែលដណ្ដើមបានដោយក្រុមអត្តពលិក៖

    • កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
    • កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាសីកន្ត្រក់។

    យ៉ាងណាក៏ដោយ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀត ដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម។ ហេតុនេះថ្នាក់ដឹកនាំកីឡាកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការប្រកួតប្រជែងរបស់អត្តពលិកកម្ពុជា ដើម្បីបង្កើនមេដាយ និងដណ្ដើមលទ្ធផលល្អជូនជាតិក្នុងបេសកកម្មស៊ីហ្គេមឆ្នាំនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ