• Sea Games៖ ក្រុមប៉េតង់នារីកម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាស វិញ្ញាសា ៣ទល់នឹង៣នាក់

    (ម៉ានីល)៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាការិនីឡាវ ដោយលទ្ធផល ១៣-៩ពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។

    សម្រាប់សមាភាពកីឡាការិនីកម្ពុជា ដែលបានប្រកួតឈ្នះក្រុមកីឡាការិនីឡាវ ឡើងវគ្គផ្ដាច់ព្រ័ត្រមុននេះ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា និងកីឡាការិនី អ៊ុន ស្រីយ៉ា ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមកីឡាការិនីកម្ពុជា ឡើងទៅជួបក្រុមកីឡាការិនីម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស នារសៀលនេះ ។ ប៉ុន្ដែចំពោះលទ្ធផលបណ្ដោះអាសន្នពេលនេះ គឺក្រុមកីឡាការិនីកម្ពុជា ទទួលបានមេដាយប្រាក់ក្នុងដៃស្រាប់ទៅហើយ ។

    ទន្ទឹមជាមួយជ័យជម្នះរបស់ក្រុមកីឡាការិនីវ័យក្មេងខាងលើ នៅព្រឹកថ្ងៃព្រហស្ប្តិតដដែលនេះ ក្រុមវីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា រួមមានម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ អ្នកស្រី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ក៏បានពួកដៃគ្នា យកឈ្នះយ៉ាងចាស់ដៃលើក្រុមកីឡការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ១៣-២ពិន្ទុ ក្នុងប្រកួតបើកឆាកវិញ្ញាសាវាយគូ ២នាក់ ទល់នឹង ២នាក់ផងដែរ ។

    គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែធ្នូនេះ កម្ពុជាបានបន្ដរក្សាការដណ្ដើមមេដាយផ្លូវការសរុប ២១គ្រឿងដដែល រួមមានមេដាយមាស១, ប្រាក់៣ និងសំរឹទ្ធ១៧ ដែលដណ្ដើមបានដោយក្រុមអត្តពលិក៖

    • កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១៧) ។
    • កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាសីកន្ត្រក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ