តោះ! មកដឹងអំពីជីវប្រវត្តិសង្ខេប នៃនាយកប្រតិបត្តិ Google លោក Sundar Pichai ដែលមានដើមកំណើតពីឥណ្ឌា

(សាន់ហ្រ្វាន់ស៊ីស្កូ)៖ លោក សាន់ដារ ភីឆៃ (Sundar Pichai) នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាល់ហ្វាប៊ែត (Alphabet) ដែលជាម្ចាស់របស់ Google បន្ថែមទៀត ក្រោយនាយកប្រតិបត្តិចាស់សម្រេចលាលែង។

ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីសហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន Google គឺលោក ឡារី ផេច (Larry Page) ដែលជានាយកប្រតិបត្តិ (CEO) របស់ Alphabet និងលោក ស៊ីហ្គៃ ប្រ៊ីន (Sergey Brin) ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Alphabet បានប្រកាសលាលែងពីតួនាទីជាថ្នាក់ដឹកនាំកំពូល នៃក្រុមហ៊ុនដ៏ធំមួយនេះ។ យ៉ាងណាក្តី លោក Page និង Brin នឹងនៅតែបន្តចូលរួមពាក់ព័ន្ធក្នុងនាមជាសហស្ថាបនិក ម្ចាស់ភាគហ៊ុន និងជាសមាជិកនៃក្រុមប្រឹក្សានាយករបស់ Alphabet ដដែល។

ក្រុមហ៊ុន Alphabet ត្រូវបានបង្កើតឡើងកាលពី២០១៥ ប៉ុណ្ណោះតាមរយៈការធ្វើកំណែទម្រង់រចនាសម្ព័ន្ធនៃក្រុមហ៊ុន Google ហើយក៏បានក្លាយជាម្ចាស់របស់ Google ព្រមទាំងអតីតបុត្រសម្ព័ន្ធមួយចំនួនទៀតរបស់ Google។

* តើលោក សាន់ដារ ភីឆៃ (Sundar Pichai) ជានរណា?

លោក Sundar Pichai ឬមានឈ្មោះពេញថា ភីឆៃ សាន់ដារ៉ារ៉ាចាន (Pichai Sundararajan) កើតនៅឆ្នាំ១៩៧២ នៅរដ្ឋតាមីលណាឌូ (Tamil Nadu) ប្រទេសឥណ្ឌា។ លោកគឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រមានសញ្ជាតិអាមេរិក និងដើមកំណើតឥណ្ឌា ហើយលោកនឹងឡើងកាន់តំណែងជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alphabet បន្ថែមពីលើតំណែងបច្ចុប្បន្នដែលជានាយកប្រតិបត្តិរបស់ Google។

លោក Pichai បានបម្រើការងារឱ្យក្រុមហ៊ុន Google អស់រយៈពេល ១៥ឆ្នាំ ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់នៃគម្រោងអភិវឌ្ឍ Chrome browser និងប្រព័ន្ធប្រតិបត្តិការ Android។ លោកធ្លាប់ជាប្រធានផ្នែកផលិតកម្មរបស់ Google មុននឹងត្រូវបានតែងតាំងជា CEO នៅពេលក្រុមហ៊ុន Alphabet ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥។

ប្រាក់ចំណូលដែលលោក Pichai ទទួលបានពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះគឺ ១.៩លានដុល្លារកាលពីឆ្នាំ២០១៨ ក្នុងនោះបូករួមទាំងប្រាក់ខែគោល ៦៥០,០០០ដុល្លារ។

* បច្ចុប្បន្នភាពការងាររបស់លោក Sundar Pichai

– នាយកប្រតិបត្តិ (ក្រុមហ៊ុន Alphabet Inc, ខែធ្នូ ឆ្នាំ២០១៩)
– នាយកប្រតិបត្តិ (ក្រុមហ៊ុន Google LLC, ខែតុលា ឆ្នាំ២០១៥)

* កម្រិតវប្បធម៌របស់លោក Sundar Pichai

– បរិញ្ញាប័ត្រ (BACHELOR’S DEGREE) មកពីសាលា Indian Institute of Technology Bombay នៃប្រទេសឥណ្ឌា
– អនុបណ្ឌិត (MASTER’S DEGREE) មកពីសាកលវិទ្យាល័យ Stanford University នៃសហរដ្ឋអាមេរិក
– MBA មកពីសាលា Wharton School of the University of Pennsylvania នៃសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រៅពីជីវិតការងារ លោក Sundar Pichai ក៏មានភរិយាផងដែរដែលមានឈ្មោះថា អាន់ចាលី ភីឆៃ (Anjali Pichai) និងមានកូនចំនួនពីរនាក់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ