ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចស្វាយរបស់គេចេញពីចម្ការ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះយី បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំខាងលើ ចំណែកឯជនរងគ្រោះមានឈ្មោះ ជ្រូ គឹមស្រ៊ី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានមានទីលំនៅភូមិ-ឃុំខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ឌុបកូនល្ហុងយកទៅដាំនៅនិងដី ចុងព្រែក វត្តតាលន់ លុះជិះម៉ូតូទៅដល់ចំណុចដីស្វាយរបស់ខ្លួនស្រាប់តែប្រទះឃើញជនសង្ស័យជិះម៉ូតូ ឌុបស្វាយចេញពីចម្ការស្វាយរបស់ខ្លួន ចំនួន ០៣ការុង។ ពេលនោះជនរងគ្រោះបានហៅជនសង្ស័យឲ្យឈប់ តែជនសង្ស័យមិនឈប់ ហើយថែមទាំងជិះរត់ទៀត ពេលនោះ ជនរងគ្រោះក៏ជិះម៉ូតូមកតាមក្រោយមកដល់ផ្ទះរបស់ខ្លួនក៏ឈប់ម៉ូតូទុកកូនល្ហុងនៅផ្ទះ រួចក៏ជិះម៉ូតូទៅតាមទាន់នៅកន្លែងលក់ស្វាយ ពេលនោះជនរងគ្រោះបានឃាត់អ្នកទិញស្វាយកុំឲ្យទិញអី ព្រោះស្វាយនេះជនសង្ស័យបានលួចបេះស្វាយរបស់ខ្លួនយកមកលក់។
ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ បានទទួលបណ្តឹងពីជនរងគ្រោះ តាមទូរសព្ទ័ក៏បានចុះទៅដល់កន្លែងលក់ផ្លែស្វាយ តែត្រូវបានជនសង្ស័យគេចខ្លួនបាត់ទៅហើយ។
លុះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ក៏បានកោះហៅជនសង្ស័យមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានបេះស្វាយចំនួន ០៣បាវ មែនតែមិនមែនបេះស្វាយរបស់ជនរងគ្រោះទេ គឺដើរបេះស្វាយសន្សំស្វាយនៅលើដីឈ្មោះ តាសំ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕