រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងបានស្នើសុំថវិកាពីរាជរដ្ឋាភិបាលប្រមាណ ៣ លានដុល្លារអាមរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមានស្លាកលេខយានយន្ដចាស់ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មីនិងមាន QR កូដ ត្រឹមត្រូវ ដោយឥតគិតថ្លៃ។
ចំណាត់ការនេះបានដាក់ចេញឡើងដោយសារតែពេលថ្មីៗនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានរកឃើញ និងចាប់បានអ្នកធ្វើស្លាកលេខក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, លេខខ.ម, លេខកងរាជអាវុធហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថា ក្រសួង សាធារណការ និងដឹកជញ្ជូនបានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ស្នើសុំថវិកាប្រមាណ ៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ។
ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ពេលមកដូរយកស្លាកលេខថ្មី ដែលមាន QR កូដនោះ ត្រូវធ្វើបច្ចុប្បន្នភាព អាសយដ្ឋាន ផ្ទះលេខ និងទីកន្លែងរស់នៅរាជធានី ឬខេត្ដណា ដោយត្រូវធ្វើជាថ្មីឡើងវិញ និងកាត់ឈ្មោះឲ្យទៅម្ចាស់ដោយមិនគិតថ្លៃនោះទេ។ ដោយក្រសួងស្នើរឲ្យប្រជាពលរដ្ឋចាំបាច់ត្រូវប្ដូរមកលេខថ្មីដែលមាន QR កូដ ដើម្បីកុំឲ្យមានស្លាកលេខសោះហោះ ឬ ក្លែងក្លាយប្រើប្រាស់បន្ដទៀត នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះប្រជាពលរដ្ឋទាំងអស់អាចប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវទិន្នន័យល្អទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ៕