U22 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games ក្រោយឈ្នះ U22 ម៉ាឡេស៊ី ៣-១

(ម៉ានីល)៖ ទីបំផុតក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនបានហើយ បន្ទាប់ពីលត់ក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ មុននេះបន្ដិច ក្នុងជំនួបបញ្ចប់ពូល A នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។

សម្រាប់ជំនួបកាត់សេចក្ដីនេះ វគ្គទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្ដែនៅវគ្គទី២ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ដោយរកបាន ៣គ្រាប់ផ្ទួនៗ ដោយកីឡាករ អ៊ិន សូដាវីត នៅនាទី៥៥, កីឡាករ សៀង ចន្ធា នៅនាទី៥៧ និងកីឡាករ កែវ សុខផេង នៅនាទី៦៨ ដែលធ្វើឲ្យចប់ការប្រកួតពេញម៉ោងក្រុម U22 កម្ពុជា យកឈ្នះក្រុម U22 ម៉ាឡេស៊ី ៣-១។

អ្វីដែលគួរឲ្យមានមោទនភាព សម្រាប់ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា បង្កើតនូវប្រវត្តិសាស្ដ្រថ្មី ក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំ នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ បន្ទាប់ពីក្រុម U22 កម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល A ដោយមាន ៧ពិន្ទុ ស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីនដែរ តែកម្ពុជាមានគ្រាប់បាល់ចំណេញច្រើនជាង ។

ដូច្នេះសម្រាប់ពូល A គឺក្រុម U22 កម្ពុជា និងក្រុមកំពូលតារាង U22 មីយ៉ាន់ម៉ា បានដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពេលហ្វីលីពីន យកឈ្នះទីម័រខាងកតតែ ៦-១ ដោយរង់ចាំគូប្រជែងឡើងមកពីពូល B គ្រាដែលលទ្ធផលបណ្ដោះអាសន្ន ក្នុងពូល B គឺក្រុម U22 វៀតណាម កំពុងឈរកំពូលតារាង ខណៈ១ក្រុមទៀត ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ