ក្រសួងសុខាភិបាលនៅថ្ងៃនេះបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការហាមឃាត់ ការលក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសមួយប្រភេទមានឈ្មោះថា Testosterone Booster ដោយថាឱសថនេះមិនមានបញ្ជិការ និងមានការផ្សាយបំផ្លើសការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ។
ក្នុងសេចក្ដីជូនដំណឹងដដែលបានសរសេរថាក្រសួងបានពិនិត្យឃើញថាមានគណនីហ្វេសប៊ុកមួយមានឈ្មោះ «អ្នកជំនាញខាងបុរស» កំពុងផ្សាយលក់ឱសថនេះ។ ក្រសួងបញ្ជាក់ថាឱសថបំប៉នផ្លូវភេទនេះមិនមានបញ្ជិការ និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ។ ក្រសួងបន្តថាក៏មានការផ្សាយបំផ្លើសថាឱសថនេះអាជជួយឲ្យធំ វែង រឹង រួមភេទបានយូរ និងជួយព្យាបាលជំងឺខ្សោយបេះដូង គ្រលៀន ទឹកនោមផ្អែម លើសឈាម តម្រងនោម ក្រពេញប្រូស្តាត ក្រពះពោះវៀន ទៀតផង។ បើតាមក្រសួងសុខាភិបាលអ្នកប្រើប្រាស់ឱសថនេះអាចប៉ះពាល់ដល់ខុសភាពរហូតដល់ស្លាប់បាន។
ក្រសួងបញ្ជាក់ថាខ្លួននឹងចាត់ការតាមផ្លូវច្បាប់លើចំម្ចាស់គណនីខាងលើដែលនាំចូល លក់ ផ្សព្វផ្សាយ ឱសថដែលគ្មានបញ្ជិការនេះ និងបានស្នើឲ្យប្រជាពលរដ្ឋរាយការណ៍បើបានឃើញជនណាកំពុងលក់ ឬចែកចាយតាមរយៈទូរសព្ទលេខ ០១១ ៥៧៤ ៧៨៧៕