ចិន៖ យុវជនវ័យ ២២ ឆ្នាំម្នាក់ បានដើរចូលទៅក្នុងហាងលក់រថយន្តប្រណិតមួយកន្លែង និងបានយកកូនសោរទៅឆ្កូតពីលើទ្វាររថយន្តទំនើបម៉ាក BMW មួយគ្រឿងយ៉ាងវែង និងបានប្រាប់ទៅកាន់អ្នកលក់ថា គាត់មានបំណងចង់ទិញរថយន្តមួយគ្រឿងនេះ។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងក្រុង Jiangxi ខេត្ត Shangrao ភាគខាងជើងប្រទេសចិន។ ក្រោយយុវជនខាងលើបានធ្វើសកម្មភាពខុសប្រក្រតីខាងលើនេះ ប៉ូលិសក៏បានដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនរូបគេដើម្បីឲ្យទទួលខុសត្រូវលើការខូចខាតរបស់រថយន្តទំនើប BMW ព្រោះថាវាជារថយន្តមានតម្លៃថ្លៃ ហើយជនបង្កហេតុគ្មានលុយក្នុងខ្លួនទេបើទោះជាគេនិយាយថា គេនឹងទិញរថយន្តនេះក៏ដោយ។
នៅមុខប៉ូលិសយុវជនបង្កហេតុរូបនេះបានសារភាពថា គាត់ធ្វើដូចនេះដើម្បីឲ្យឪពុកគាត់ទិញរថយន្តនេះឲ្យគាត់តែម្តង ព្រោះឪពុកបានសន្យាជាមួយគាត់ថាទិញរថយន្តមួយគ្រឿងឲ្យគាត់យូរណាស់មកហើយ តែមិនទាន់បានទិញឲ្យគាត់ទាល់តែសោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី រហូតមកមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញឪពុករបស់យុវជនខាងលើចេញមុខមកដោះស្រាយបញ្ហានៅឡើយទេ៕