គុនល្បុក្កតោ ឈ្នះមេដាយសំរឹទ្ធ ២ ទៀតហើយ!

(ម៉ានីល)៖ កម្ពុជា បានទទួលមេដាយសំរឹទ្ធ ២គ្រឿងបន្ថែមទៀត ក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយអត្តពលិកផ្នែកកីឡាគុនល្បុក្កតោ ដែលចូលរួមប្រកួតកីឡាប្រពៃណីហ្វីលីពីន Arnis នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

លោក វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជា បានបញ្ជាប់ប្រាប់អង្គភាព Fresh News នៅមុននេះថា មេដាយសំរឹទ្ធ ២គ្រឿង ដែលកីឡាគុនល្បុក្កតោកម្ពុជា ទើបដណ្ដើមបានព្រឹកនេះ រកបានដោយកីឡាករ ឆេម សីឡា ប្រកួតលើវិញ្ញាសា Non Traditional Open Weapon និងកីឡាការិនី អេង ស៊ូម៉ាឡា ប្រកួតវិញ្ញាសា Traditional Open Weapon។

តាមរយៈការបន្ថែមមេដាយសំរឹទ្ធ ២គ្រឿងខាងលើបានធ្វើឲ្យកម្ពុជា កើនមេដាយសរុបចំនួន ១៩គ្រឿង គឺមេដាយមាស ១, ប្រាក់ ៣ និងសំរឹទ្ធ ១៥គ្រឿង ក្នុងចំណោមមេដាយទាំងអស់នេះ គឺរកបានដោយកីឡាគុនល្បុក្កតោ ដែលប្រកួតកីឡា Arnis រួមមានមេដាយមាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៥ ។ ចំណែកមេដាយប្រាក់ ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាសីប៉ាក់តាក្រ ។

យ៉ាងណាមិញ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀត ដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម។ ចំពោះការប្រកួតនៅសល់ជិត ១០ថ្ងៃទៀត។ ហេតុនេះថ្នាក់ដឹកនាំកីឡាកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការប្រកួតប្រជែងរបស់អត្តពលិកកម្ពុជា ដើម្បីបង្កើនមេដាយ និងដណ្ដើមលទ្ធផលល្អជូនជាតិក្នុងបេសកកម្មស៊ីហ្គេមឆ្នាំនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ